ឥណ្ឌា​បាញ់​បង្ហោះ​យាន​អវកាស​ស្រាវជ្រាវ​ព្រះអាទិត្យ​ដោយ​ជោគ​ជ័យ

អង្គការ​ស្រាវជ្រាវអវកាស​ឥណ្ឌា (ISRO) បាន​បាញ់​បង្ហោះ​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ Aditya-L1 ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan បាន​ដោយ​ជោគ​ជ័យ កាលពី​វេលា​ម៉ោង 13 និង 20 នាទី ថ្ងៃទី 02 កញ្ញា (ពេលវេលា​នៅ​កម្ពុជា)​។

ការ​បាញ់បង្ហោះ​នេះ​នឹង​នាំ​យក​យាន Aditya-L1 ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​កម្រិត​ទាប​របស់​ផែនដី​។ ក្រោយ​មក យាន​នេះ​នឹង​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ហោះ​ឆ្ពោះ​ទៅ​កាន់​តំបន់ Lagrange 1 (L1) ដែល​នៅ​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ​។ ពី Lagrange L1 យាន Aditya-L1 ​អាច​សង្កេតស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​បាន​ដោយ​មិន​មាន​ការ​រំខាន​ពី​ឧបសគ្គ​នានា​ដែល​រា​រាំងចក្ខុវិស័យ​របស់​វា​។

បេសកកម្ម​នេះ​មាន​គោលដៅ​វិទ្យាសាស្ត្រ​ជា​ច្រើន​ រួម​មាន​ការ​ស្វែង​យល់​អំពី​អាថ៌កំបាំង​នៃ​សីតុណ្ហភាព​លើ​ព្រះអាទិត្យ ការ​សង្កេត​មើល​អាកាសធាតុ​របស់​ព្រះអាទិត្យ រួម​នឹង​ការ​ស្រាវជ្រាវ​អំពី​រង្វង់​ដែន​ទំនាញ​នៃ​បាតុភូត​ជះរស្មី​ជុំវិញ​ព្រះអាទិត្យ​។ល។

Advertisement