រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។

Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។

Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។

សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។

A5 អាច​ហោះ​ឡើង និង​ចុះចត​ត្រង់​ដូច​ទៅ​នឹង​ដ្រូន ឬ​ឧទ្ធម្ភាគ​ចក្រ​។ ក្រុម​ហ៊ុន​ដទៃ​អភិវឌ្ឍ​មធ្យោបាយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់ ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ប៉ុន្តែ ពួកវា​សុទ្ធ​តែ​មិន​អាច​រត់​លើ​ផ្លូវ​គោក។ ចំណែក A5 អាច​បត់​ស្លាប​របស់​វា​ បង្កើត​បាន​ជា​រាង​រថយន្ត​ អាច​ធ្វើដំណើរ​លើ​ផ្លូវ​គោក​។

ក្រុម​ហ៊ុន Aska កំពុង​បន្តការ​​អភិវឌ្ឍ​ឡាន​ហោះ​នេះ​។ គំរូ​ចុង​ក្រោយ​នឹង​ល្អ​ជាង​បច្ចុប្បន្ន ហើយ​​អាច​ដឹក​មនុស្ស​បាន​ 6 នាក់​។ Aska គ្រោង​នឹង​ប្រគល់​ A5 ដល់​ដៃ​អតិថិជន​ចាប់​ពី​ឆ្នាំ 2026​។ ពួក​គេ​ក៏មាន​គម្រោង​ផ្ដល់​សេវា​​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សម​ស្រប​ផងដែរ៕

Advertisement