SAIC-GM-Wuling បង្ហាញ និង​ដាក់លក់​រថយន្ត​អគ្គិសនី​ខ្នាតតូច Yep mini EV ជា​ផ្លូវការ

ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ SAIC-GM-Wuling ថ្ងៃនេះ​បានបង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី Yep ដែលជា​ម៉ូ​ដែល​ថ្មី​បំផុត​សម្រាប់​ស៊េរី​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​នេះ។

Yep គឺជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​លំដាប់​គុណភាព​ខ្ពស់​របស់ Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន SAIC-GM-Wuling។ រថយន្ត​នេះ​មាន​ពីរ​កំណែ តម្លៃ​ចាប់ពី 11,290 ដុល្លារ​អាម៉េរិក និង 12,703 ដុល្លារ​អាម៉េរិក។

Baojun Yep មាន​ចំណុច​ខ្លះ​គឺ​ដូច​ទៅនឹង​រថយន្ត Suzuki Jimny និង​មាន​រូបរាង​ជា​ទម្រង់​ប្រអប់​បួន​ជ្រុង (Square Box) ដែល​ផ្ដោតលើ​អតិថិជន​វ័យក្មេង។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

Baojun Yep ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។ វា​អាចឱ្យ​បញ្ចូល​ថាមពល​រហ័ស និង​អាច​បង្កើន​ថាមពល​អគ្គិសនី​​ពី 30% ឡើងដល់ 80% ក្នុងរយៈ​ពេល​ 35 នាទី។

រថយន្ត​អគ្គិសនី Baojun Yep ក៏​បំពាក់​ប្រព័ន្ធ​បើកបរ​ឆ្លាត​វៃ Lingxi រួមមាន មុខងារ​កំណត់​អត្តសញ្ញាណ និង​ប្រតិកម្ម​ទៅនឹង​ឧបសគ្គ ក៏ដូចជា​កែសម្រួល​ល្បឿន​ប្រកបដោយ​ភាព​ឆ្លាត​វៃ​នៅពេល​រថយន្ត​បរដល់​កន្លែង​ត្រូវ​បត់។ រថយន្ត​នេះ​ក៏​អាច​ចូល​ចត​ដោយ​ស្វ័យប្រវត្ត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ចូល​ចត​ឆ្លាត​វៃ៕

Advertisement