
ក្រុមហ៊ុនអាកាសចរណ៍ Doroni Aerospace ដែលមានទីស្នាក់ការនៅ Miami បានធ្វើការសាកល្បងលើការហោះឡើង និងចុះចតដោយជោគជ័យលើកដំបូងចំពោះឡានហោះគំរូ Doroni H1។
បន្ទាប់ពីត្រូវបានបង្ហាញជាលើកដំបូងក្នុងទម្រង់ concept កាលពីឆ្នាំ 2019 និងចាប់ផ្ដើមអភិវឌ្ឍជាទម្រង់គំរូតាំងពីដើមឆ្នាំ 2022 ឡានហោះ Doroni H1 អាចហោះឡើង និងចុះចតដោយត្រង់ និងប្រើប្រាស់អគ្គិសនី (eVTOL)។ ដោយសារមានរូបរាងតូចល្មម ឡានហោះនេះអាចចតក្នុងកន្លែងដាក់ឡានរបស់គ្រួសារ។ Doroni H1 មានបណ្ដោយ 7 ម៉ែត្រ, ទទឹង 4.5 ម៉ែត្រ, កម្ពស់ 1.7 ម៉ែត្រ និងអាចហោះក្នុងល្បឿន 225 គីឡូម៉ែត្រ/ម៉ោង។
ថ្មីៗនេះ ក្រុមហ៊ុនខាងលើបានធ្វើការសាកល្បងហោះឡើង និងចុះចតចំពោះ Doroni H1 និងបានទទួលជោគជ័យ នេះបើតាម TMZ ចុះផ្សាយកាលពីថ្ងៃទី 14 មីនា។ នេះគឺជាជំហានដំបូងដើម្បីឱ្យក្រុមហ៊ុនបន្តធ្វើតេស្តទ្រង់ទ្រាយធំនាប៉ុន្មានខែខាងមុខ។

Doroni H1 ត្រូវបានអភិវឌ្ឍឡើងដើម្បីអាចហោះហើរជាបន្តបន្ទាប់បានជិត 100 គីឡូម៉ែត្រ។ ដោយប្រើប្រាស់មុខងារបញ្ចូលអគ្គិសនីរហ័ស ឡានហោះនេះស៊ីពេលប្រហែលតែជាង 20 នាទីប៉ុណ្ណោះគឺមានថាមពល 80%។ ក្រោយពីបានចុះចត អ្នកប្រើប្រាស់អាចបើកបរឡានហោះនេះចូលទៅក្នុងហ្ការ៉ាសធម្មតាដើម្បីបញ្ចូលអគ្គិសនី។
អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍អាម៉េរិកបានទទួលស្គាល់ថា Doroni H1 គឺជាឡានហោះគំរូបែបកីឡាធុនស្រាល។ Doroni H1 មានកៅអីចំនួនពីរ និងអាចផ្ទុកទម្ងន់បាន 227 គីឡូក្រាម។ គ្រប់គ្នាដែលមានប័ណ្ណបើកបរសមស្រប និងបានបញ្ចប់វគ្គហ្វឹកហ្វឺន 20 ម៉ោងរបស់ Doroni Aerospace សុទ្ធតែអាចបើកបរឡានហោះនេះបាន។
ដើមឡើយ តម្លៃលក់រាយរបស់ Doroni H1 គឺត្រឹមតែ 195,000 ដុល្លារអាម៉េរិក ប៉ុន្តែតម្លៃនេះបច្ចុប្បន្នបានឡើងដល់ 350,000 ដុល្លារ ដោយសារវត្ថុធាតុដើមឡើងថ្លៃខ្ពស់។
Doroni Aerospace ឱ្យដឹងថា ទទួលបានការបញ្ជាទិញជាង 230 គ្រឿង និងបានបញ្ជាក់ថា Doroni H1 នឹងមានវត្តមានក្នុងទីផ្សារចាប់ពីឆ្នាំ 2025៕
