កាលពីថ្ងៃទី 12 ធ្នូ 2022 ក្រុមហ៊ុនចិន Geely បានបង្ហាញរថយន្តអគ្គិសនីដ៏តូចច្រឡឹងដែលមានឈ្មោះថា Panda Mini EV។
យោងតាមគម្រោងដំបូង រថយន្តនេះនឹងប្រើប្រាស់យីហោ Geometry (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely) ប៉ុន្តែ បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាល Geely បានប្ដូរផែនការ ហើយរថយន្តអគ្គិសនី Mini EV នេះ នឹងស្ថិតក្រោមយីហោ Geely ដោយផ្ទាល់។
Geely Panda Mini ដែលមានរូបរាងយកតាមលំនាំខ្លាឃ្មុំ Panda នឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Wuling Mini EV នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តអគ្គិសនី Geely Panda Mini ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅទីក្រុង Hangzhou ប្រទេសចិន។ រថយន្តដែលអាចដាក់មនុស្សបាន 4 នាក់នេះមានបណ្ដោយ 3,065 មម, ទទឹង 1,522 មម និងកម្ពស់ 1,600 មម។
Geely Panda Mini ត្រូវបានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 30kW ខណៈថ្មរបស់វាត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Guoxuan Hi-Tech អាចធ្វើដំណើរបានប្រហែល 150 គីឡូម៉ែត្រ ក្រោយពីបញ្ចូលថាមពលអគ្គិសនីពេញ។ រថយន្តអគ្គិសនីខ្នាតល្អិតនេះមានតម្លៃចាប់ពី 5,700 ដល់ 7,200 ដុល្លារអាម៉េរិក៕