អាជ្ញាធរ​​ចិន បាន​បង្កើត​ទឹកភ្លៀង និង​គ្រប់​គ្រង​អាកាស​ធាតុ​ នៅ​មុន​​ទិវា​ខួប​កំណើត​ ១០០ ឆ្នាំ នៃ​​​បក្ស​កុម្មុយនីស្ត​ចិន

អាជ្ញាធរ​ចិន ប្រើប្រាស់​វិធីសាស្ត្រ​បណ្ដុះ​ពពក​ដើម្បី​គ្រប់គ្រង​ទឹកភ្លៀង ការបំពុល​បរិស្ថាន​នៅ រដ្ឋធានី​ប៉េកាំង នៅមុន​ទិវា​ខួប ១០០ ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន កាលពី​ខែកក្កដា។

ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ចិន​ Tsinghua ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី វិទ្យា​សាស្ត្រ​​បរិស្ថាន (Environmental Science) ដែលជា ទិនានុប្បវត្តិ​ដែលមាន​ការពិនិត្យ របស់ ចិន កាលពី​ចុងខែ​មុន បានឱ្យដឹងថា រដ្ឋាភិបាល​ចិន បាន​ផ្ដួចផ្ដើម​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ក្នុងការ​បន្ថែម​ធាតុគីមី​ទៅក្នុង​ពពក​ដើម្បី​បង្កើត​ទឹកភ្លៀង​នៅ​ជាយក្រុង​ប៉េកាំង និង​តំបន់​មួយចំនួន​នៅក្បែរ​ខាង ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ព្រឹត្តិការណ៍​រំលឹក​ខួប ១០០ ឆ្នាំ នៃ​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន ថ្ងៃទី ១ កក្កដា។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​គណនា​ឃើញថា ទឹកភ្លៀង​ដែល​បាន​បង្កើតឡើង កាត់បន្ថយ​បាន​ជាង ២/៣ នៃ​កម្រិត​បំពុលបរិយាកាស PM2.5 និង​កែលម្អ​គុណភាព​ខ្យល់​ពី «មធ្យម» ទៅ «ល្អ» ទៅតាម​ស្ដង់ដា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

Wang Can សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ថ្លែងថា ការថយចុះ​នៃ​ការបំពុល​បរិស្ថាន​នេះ​មិនមែន​កើតឡើង​ដោយ​ធម្មជាតិ​នោះទេ ព្រោះថា «ភ្លៀង​សិប្បនិម្មិត​គឺជា​ព្រឹត្តិការណ៍​អន្តរាគមន៍​តែមួយគត់​ក្នុងអំឡុង​ពេលនោះ»។

មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៃ​ទិវា​ខួប ១០០ ឆ្នាំ នៅ​ទីលាន Tiananmen ដែល​បានចាប់ផ្ដើម​នៅវេលា​ម៉ោង ៨ នៅក្រោម​ពពក​ខ្មៅ​ដេរដាស។ ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បាន​បង្អុរ​ចុះ បន្ទាប់ពី​ពិធី​ដែលមាន​រយៈពេល ២ ម៉ោង បានបញ្ចប់។

អាជ្ញាធរ​គ្រប់​គ្រង់​អាកាសធាតុ​របស់ ចិន បាន​ព្យាយាម​ផ្លាស់ប្ដូរ​អាកាសធាតុ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ខាងលើ ចាប់ពី​ឆ្នាំ ២០០៨ ខណៈដែល ទីក្រុង​ប៉េកាំង ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក។

ភ្លៀង​បាន​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ នៅក្នុង​សប្ដាហ៍ មុន​ព្រឹត្តិការណ៍​ខួប ១០០ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បក្ស។ ក្នុង​ទិវា​សំខាន់​នោះ អ្នកចូលរួម ទទួលបាន​អាវ​ភ្លៀង​ដែល​ដាក់​ក្នុង​អំណោយ​អនុស្សាវរីយ៍។

យោងតាម​ការស្រាវជ្រាវ សកម្មភាព​បង្កបង្កើត​ពពក​របស់ ចិន បានចាប់ផ្ដើម​នៅវេលា​ម៉ោង ១៩៖៣០ នាទី មួយ​ថ្ងៃ​មុន​​ព្រឹត្តិ​ការណ៍​​ខួប ១០០ ឆ្នាំ។ ប្រជាជន​រស់នៅក្នុង​តំបន់ភ្នំ​ភាគ​និរតី​នៃ​ទីក្រុង បាន​មើលឃើញ​គ្រាប់កាំភ្លើង​ធំ​ជាច្រើន  ដែល​ត្រូវបាន​បាន​ស្រោច​ទៅលើ​អាកាស​ដើម្បី​បាច​គីមី silver iodide បំណង​ជំរុញឱ្យមាន​ភ្លៀង​ធ្លាក់ កាលពី​ថ្ងៃទី ៣០ មិថុនា។

«វា​ធំ​ណាស់ ដូច​រន្ទះ​អីចឹង និង​កើតឡើង​យ៉ាងយូរ។ វា​ដូច​ទៅនឹង​តំបន់​សង្គ្រាម។ ក្រោយមក​ក៏មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​​​យ៉ាង​ធំ» ពលរដ្ឋ​ម្នាក់​ថ្លែង​ដូច្នេះ ខណៈ​ម្នាក់ទៀត​និយាយថា គាត់​បានឃើញ​បំណែក​នៃ​សម្បក​គ្រាប់កាំភ្លើង​ធំ​នៅក្បែរ​ផ្ទះ។

ប្រទេស​ចិន បាន​កសាង​ប្រព័ន្ធ​មួយចំនួន​ដ៏​ធំ និង​ស្មុ​គ្រ​ស្មាញ​បំផុត​ក្នុង​ពិភពលោក ដើម្បី​កែសម្រួល​អាកាសធាតុ។ រដ្ឋាភិបាល​ចិន កាលពី​ឆ្នាំទៅ​បានចាប់ផ្ដើម​កម្មវិធី​កែប្រែ​អាកាសធាតុ​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស ក្នុងនោះ​មាន​ទាំង​តំបន់ ស៊ីន​ជាំ​ង និង ទី​បេ ផងដែរ ដើម្បី​ទប់ស្កាត់​អាកាសធាតុ​សំណើម​នៅលើ​កម្ពស់​ខ្ពស់ ដែល​ត្រូវបាន​ខ្យល់​បក់​មកពី មហាសមុទ្រ​ឥណ្ឌា ឆ្លងកាត់​ជួរ​ភ្នំ​ហិមពាន្ត (Himalaya)។

ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​ចូលរួម​អនុវត្ត​គម្រោង​ខាងលើ​របស់ ចិន បានឱ្យដឹងថា ការបង្កើត​ទឹកភ្លៀង ឬ​ការគ្រប់គ្រង​អាកាសធាតុ ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រព័ន្ធ​ផ្កាយរណប យន្តហោះ ស្ថានីយ​រ៉ា​ដារ​ចល័ត និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត៕

Advertisement