ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យកុមារចេះសន្សំ និងចេះចាយវាយត្រឹមត្រូវ

ការគ្រប់គ្រងហិរញ្ញវត្ថុ ជាមេរៀនដ៏សំខាន់មួយដែលត្រូវបានគេបង្រៀនដល់កុមារជាទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗទាំងអស់​នៅលើពិភពលោក ព្រោះ​វាជាផ្នែកដ៏សំខាន់ក្នុងការជំរុញឱ្យកុមារក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងអាចអភិវឌ្ឍ​ធនធានដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនថែមទៀតផង។

ចាប់ផ្តើមពីចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ កុមារនឹងអាចក្លាយជាមនុស្សដែលមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់លុយកាក់ប្រកបដោយប្រសិទ្ធភាពព្រមទាំងមានគំនិត​សហគ្រិនខ្ពស់ ដែលអាចរុញច្រានពួកគេឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមនៅថ្ងៃអនាគត។ ចំពោះប្រជាជនខ្មែរវិញ ក្រៅពីការខិតខំប្រឹងប្រែងវិនិយោគលើការអប់រំរបស់កូន អាណាព្យាបាលភាគច្រើន​ក៏​បាន​យកចិត្តទុកដាក់ខ្លាំងលើការស្វែងរកទ្រព្យសម្បត្តិ ឬមុខរបរសំខាន់ៗទុកឱ្យកូននៅថ្ងៃអនាគត។ ហេតុនេះ​ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ​ ជាចំណុចចាំបាច់បំផុតសម្រាប់ក្មេងជំនាន់ក្រោយព្រោះកន្លងមកមានមនុស្សមិនតិចទេដែលខកចិត្តក្រោយពេល​ខំសន្សំទ្រព្យស្ទើរពេញមួយជីវិតទុកឱ្យកូន តែកូនៗមិនចេះទុកដាក់ ឬធ្វើឱ្យខាតបង់​ក្នុងរយៈពេលខ្លី។ ផ្ទុយមកវិញ ប្រសិនបើកុមារមានសមត្ថភាពក្នុងការ​គ្រប់គ្រងលុយកាក់បានល្អ គាត់នឹងអាច​ពង្រីកមុខរបររបស់អាណាព្យាបាល ឬ​អភិវឌ្ឍ​ទ្រព្យដែលគាត់មានទាំងអស់នោះឱ្យកាន់តែរីកចម្រើន​ខ្លាំងឡើង និងថែមទាំងអាចជួយប្រជាជនជាច្រើនផ្សេងទៀតនៅក្នុងសង្គមឱ្យមានការងារល្អធ្វើទៀតផង។

អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំប្រាក់ ឬការគ្រប់គ្រងហិរញ្ញវត្ថុ​ជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារ។ ប្រសិនបើក្មេង​ៗចេះសន្សំលុយតាំងពីនៅតូចនោះ គាត់នឹងអាចមានពេលច្រើនក្នុងការសន្សំ ដែលធ្វើឱ្យគាត់មានហិរញ្ញវត្ថុរឹង-មាំពេលគាត់ចេញធ្វើការ ឬរកស៊ីនៅពេលធំឡើង។ លោកជំទាវបានបន្ថែមផងដែរថា ការសន្សំមិនមែនមានន័យថាទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តែ​កម្រិតចំណូលប៉ុនណាក៏អាចសន្សំបានដែរ ប្រសិនបើយើងចង់សន្សំ ហើយគ្រប់គ្រងការចាយវាយឱ្យបានត្រឹមត្រូវ។

លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា៖ “​ការគ្រប់គ្រងហិរញ្ញវត្ថុជាផ្នែកសំខាន់នៃជីវិតមនុស្សម្នាក់ៗ ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានល្អទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលក្នុងជីវិត”។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ​គួរចាប់ផ្តើមបញ្ចូលទៅក្នុងកម្មវិធីសិក្សាតាំងពីកម្រិតបឋមសិក្សាទៅ ព្រោះវាជាជំនាញទន់ដែលត្រូវការជាចាំបាច់សម្រាប់អនាគតធនធានមនុស្សនៅកម្ពុជា ដើម្បីអភិវឌ្ឍសមត្ថភាព​ឱ្យបានរឹងមាំ

ស្របតាមតម្រូវការរបស់សង្គម។ តែទោះជាយ៉ាងនេះក្តី ដើម្បីឱ្យ​ការបណ្តុះបណ្តាល​ផ្នែកហិរញ្ញវត្ថុ​នេះបានជោគជ័យ លុះត្រាតែមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធនានាទាំងវិស័យសាធារណៈ និងសាលារៀនឯកជននៅកម្ពុជាដើម្បីរៀបចំកម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុ​ដែលមានគុណភាពខ្ពស់សម្រាប់អប់រំកុមារ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គង់ សំនៀង ប្រធាននាយក​ប្រតិបត្តិនៃក្រុមហ៊ុន​វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃការ​គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់កុមារនៅកម្ពុជា សាលារៀនវ៉េស្ទឡាញន៍ បានបញ្ចូលកម្មវិធីល្បីល្បាញមួយដែលមានឈ្មោះថា Money Tree ដើម្បីដាក់ឱ្យសិស្សទាំងអស់បាន​សិក្សា​យកចំណេះដឹងទាំងអស់នោះទៅប្រើប្រាស់​សម្រាប់ការអភិវឌ្ឍ​សមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ Money Tree ជាកម្មវិធីដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីផ្នែកអប់រំឈានមុខគេនៅអាស៊ីអាគ្នយ៍ និងធ្លាប់បាន​បណ្តុះបណ្តាលដល់សិស្សជាង 40,000នាក់ជារៀងរាល់ឆ្នាំ។ កម្មវិធីនេះជាកម្មវិធី​ដែលរៀបចំឡើង​ដើម្បីអប់រំក្មេងៗនាពេលបច្ចុប្បន្ន​ឱ្យយល់កាន់តែច្បាស់​ពីផ្នែកហិរញ្ញវត្ថុ និងដើម្បីជួយពួកគេឱ្យត្រៀម​ខ្លួនទប់ទល់ជាមួយនឹងបញ្ហាហិរញ្ញវត្ថុដែលកើតមាន​ក្នុងជីវិតនៅថ្ងៃអនាគត។

លោក គង់ សំនៀង បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី Money Tree កុមារនឹងបានរៀនពីគំនិតសហគ្រិន និងវិធីសាស្ត្រ​គ្រប់គ្រងហិរញ្ញវត្ថុដូចជា ការសន្សំប្រាក់ ការវិនិយោគ ការគណនាការប្រាក់ ទ្រព្យសកម្ម និងពីបញ្ហាបំណុលជាដើម។ ផ្តោតលើបញ្ហានេះកុមារនឹងអាច​ក្លាយជាមនុស្សដែលមានទម្លាប់​ក្នុងការចាយវាយប្រាក់បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់”។

បន្ថែមពីលើនេះ កម្មវីធីសិក្សា Money Tree អាចជំរុញ​ឱ្យកុមារ​ក្លាយជាមនុស្សដែលមានគោល-ដៅចាយវាយច្បាស់លាស់ មានភាពជាអ្នកដឹកនាំ​ខ្ពស់ មានទំនុកចិត្តលើខ្លួនឯង ព្រមទាំង​មានទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន​ទៀតផង។ អាណាព្យាបាល អាចនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញកូនៗជាទីស្រឡាញ់មានការប្រែប្រួលជាវិជ្ជមាន​លើឥរិយាបថនៃការរស់នៅ និងការចាយវាយ។

គួរបញ្ជាក់ថា កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានគេដាក់ឱ្យសិក្សានៅក្នុងប្រទេសជាច្រើនដោយក្នុងនោះ​ក៏មានការទទួលស្គាល់ពី​វិទ្យាស្ថានសេដ្ឋកិច្ច អប់រំ និង​សហគ្រិនភាព (CEEE) នៃមហាវិទ្យាល័យ Daleware នៅសហរដ្ឋអាមេរិកនៅវិទ្យាស្ថានអប់រំផ្នែកហិរញ្ញវត្ថុ​ នៃវិទ្យាស្ថានជាតិអប់រំសិង្ហបុរី (NIE) មហាវិទ្យាល័យ Open University Malaysia (OUM) នៃប្រទេស​ម៉ាឡេស៊ី និង​ស្ថាប័នសំខាន់ៗជាច្រើនទៀត៕

Advertisement