ការបានទៅសិក្សានៅឯប្រទេសអភិវឌ្ឍន៍ ឬប្រទេសដែលមានភាពល្បីល្បាញផ្នែកអប់រំ គឺជាក្តីស្រមៃយ៉ាងធំមួយរបស់សិស្ស ហើយវាក៏ជាមោទនភាពមួយផងដែរសម្រាប់ក្រុមគ្រួសារ និងជីវិតខ្លួនឯងផ្ទាល់ដែរ។
សិង្ហបុរី ដែលជាប្រទេសមួយមានភាពល្បីល្បាញផ្នែកអប់រំនៅលើពិភពលោក ថ្មីៗនេះបានប្រកាសផ្តល់អាហារូបករណ៍សម្រាប់សិស្សកម្រិតមធ្យមនៅក្នុងបណ្ដាប្រទេសក្នុងអាស៊ានដែលក្នុងនោះ សិស្សពីកម្ពុជាក៏អាចមានសិទ្ធិក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនដើម្បីបន្តការសិក្សាដោយឥតបង់ប្រាក់នៅសិង្ហបុរីបានដែរ។
អាហារូបករណ៍ដែលផ្តល់ជូននេះជាអាហារូបករណ៍របស់ក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ដែលក្នុងនោះគឺមានការផ្គត់ផ្គង់ដល់អ្នកប្រឡងជាប់ទាំងអស់នូវប្រាក់សម្រាប់ការហូបចុក រ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះ ទៅ-មកកម្ពុជា-សិង្ហបុរីទៀតផង។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសគឺបេក្ខជនទាំងអស់ត្រូវតែជាសមាជិក ឬប្រជាជនដែលស្ថិតនៅតំបន់អាស៊ាន (ASEAN) ដែលកើតនៅចន្លោះឆ្នាំ2002 ដល់ឆ្នាំ2004 ដែលជាសិស្សពូកែ និងជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី10 ឬទី11 នៅសាលាមធ្យមសិក្សាចំណេះទូទៅ។ បេក្ខជនត្រូវតែជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះលើភាសាអង់គ្លេសដែលអាចប្រើប្រាស់បានទាំងការទំនាក់ទំនង និងការសិក្សាជាផ្លូវការនៅប្រទេសសិង្ហបុរី។
ចំណែកឯដំណាក់កាលនៃការជ្រើសរើសគឺ ក្រោយពីបេក្ខជនជាប់ដំណាក់កាលទី1 ឬត្រូវបានជាប់ជាជម្រើសសម្រាប់ការប្រឡងហើយ បេក្ខជនត្រូវចូលរួមប្រឡងប្រជែងសមត្ថភាពទូទៅដូចជាភាសាអង់គ្លេស និងគណិតវិទ្យា ហើយត្រូវចូលរួមសម្ភាសជាបន្តបន្ទាប់។ ការប្រឡង និងការសម្ភាសនឹងប្រព្រឹត្តទៅនៅភ្នំពេញ ហើយចំពោះបេក្ខជនដែលទទួលបានជោគជ័យជាស្ថាពរនឹងត្រូវប្រកាសលទ្ធផលនៅចុងខែកញ្ញា ឆ្នាំ2018នេះ។
សម្រាប់លក្ខខណ្ឌក្នុងការដាក់ពាក្យសម្រាប់សិស្សកម្ពុជា គឺត្រូវដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា ដោយបេក្ខជនតម្រូវឱ្យដាក់ពាក្យជា Hard Copy។ ប្រសិនបើបេក្ខជនចង់ដាក់ពាក្យតាមបណ្តាញអនឡាញ ក៏អាចដាក់ពាក្យបានតាមគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចាប់ផ្តើមបើកពីថ្ងៃទី2 ខែឧសភា ឆ្នាំ2018 នេះតទៅ៕