ឥណ្ឌូណេស៊ី គំរាម​បិទ Facebook បើសិន​ព័ត៌មាន​អ្នកប្រើប្រាស់​ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ

ហ្សា​ការ​តា៖ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី លោក Rudiantara បាន​គំរាម​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook ចោល បើសិន​ទិន្នន័យ ឬ​ព័ត៌មាន​ឯកជន​របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​រំលោភបំពាន និង​បែកធ្លាយ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី03 ខែមេសា ឆ្នាំ2018។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ Bloomberg លោក Rudiantara បាន​និយាយថា «ប្រសិនបើ​ខ្ញុំ​តម្រូវឱ្យ​បិទ (Facebook) នោះ​ខ្ញុំ​នឹងធ្វើ​វា»។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា «ខ្ញុំ​បាន​បិត​កម្មវិធី Telegram ដូច្នេះ​ខ្ញុំ​គ្មានអ្វី​ស្ទាក់ស្ទើ​ក្នុង​ការបិទ (Facebook) នោះទេ»។

រដ្ឋមន្ត្រី​ជាន់ខ្ពស់​រូប​នេះ បានឱ្យដឹង​ទៀតថា ប្រសិនបើ​ខ្លួន​ទទួលបាន​ព័ត៌មាន​ថា ទិន្នន័យ​នៃ​អ្នកប្រើប្រាស់ Facebook នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​រំលោភបំពាន នោះ​លោក​នឹ​សម្រេចចិត្ត​បិទ Facebook។

គួរ​បញ្ជាក់ថា ថ្មីៗនេះ Facebook បាន​ទទួលរង​ការចោទប្រកាន់ ថា​បាន​អនុញ្ញាតឱ្យ​មានការ​លូកដៃ​ចូល​យក​ព័ត៌មាន​សម្ងាត់​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជាង ៥០លាន​នាក់ ដែល​ទើប​ត្រូវបាន​បែកធ្លាយ​កាលពី​ខែ​មុននេះ ជាពិសេស លោក Mark Zuckerberg សហ​បិតា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ ក៏​កំពុង​ប្រឈមមុខ​នឹង​ការឡើង​ស្រាយ​បំភ្លឺ មុខ​សភា​អាមេរិក និង​អង់គ្លេស ព្រមទាំង​បាន​សុំទោស​ដល់​ពិភពលោក​ទាំងមូល​ថែមទៀត ហើយ​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ បានធ្វើឱ្យ Facebook ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុងតម្លៃ​ជា​ភាគហ៊ុន៕

Advertisement