ជិត 20 ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល Huawei ទាំង​មិនដឹង​ខ្លួន

គិត​មក​ត្រឹម​ឆ្នាំ 2017 នេះ មាន​រយៈពេល​ជិត 20 ឆ្នាំ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ទទួលយក​សេវាកម្ម និង​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei ទាំង​មិនដឹង​ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចូលមក​រកស៊ី​នៅ​កម្ពុជា​តាំងពី​ឆ្នាំ 1999 លើ​វិស័យ​ទូរគមនាគមន៍( ICT)។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក Xiong Jian ដែលជា​នាយក​ជាន់ខ្ពស់​របស់ Huawei ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​សិក្ខា​សិលា “Huawei Solution Day” នៅ​សណ្ឋាគារ សូ​ហ្វ៊ី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ចុង​សប្ដាហ៍​នេះ។

លោក Xiong Jian បានឱ្យដឹងថា ក្រុមហ៊ុន​លោក​បាន​ចូលមក​បម្រើប្រជាជន​ក​ម្ពុ​ជា ចាប់តាំងពី​ឆ្នាំ 1999 មកម្ល៉េះ ប៉ុន្ដែ​គ្មាន​អ្នកប្រើប្រាស់​ណា​បានដឹង​ឡើយ។ លោក​បន្ដថា ការចាប់​ផ្ដើមដំបូង Huawei ធ្វើការ​តែ​ជាមួយនឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បណ្ដាញទូរស័ព្ទ​ចល័ត​ប៉ុណ្ណោះ ដូចជា Smart, Metfone និង Cellcardជាដើម ដោយ​ខ្លួន​ជា​អ្នកផ្គត់ផ្គង់​ឧបករណ៍​នានា​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​ចែកចាយ​ប្រព័ន្ធ​បណ្ដាញ​សេវា​ទូរស័ព្ទ 2G, 3G និង 4G ឱ្យ​អ្នកប្រើប្រាស់​បាន។

លោក​ថា៖«អ្នកប្រើប្រាស់ ពូក​គាត់​អត់​ដឹង​ទេ ព្រោះ​យើង​ជា​អ្នក​នៅ​ពីក្រោយ​ដំណើរការ​របស់​ក្រុមហ៊ុន​ទាំងនោះ ឧបករណ៍​ផ្ដល់​រលកសញ្ញា ប្រព័ន្ធគ្រប់គ្រងធំៗ គឺជា​របស់ Huawei»

លោក​បន្ថែមទៀត អ្នកប្រើប្រាស់​ពួកគាត់​មិនបាន​ដឹង​ទេ​ថា តើ​អ្វី​នៅ​ពីក្រោយ​នោះ ហើយ​គេ​ធ្វើ​បែប​ម៉េច ដើម្បី​អាច​ដំណើរការ​ប្រព័ន្ធ​ទាំងអស់​ហ្នឹង​បាន។ ទាំងនេះ​គឺជា​អ្វីដែល​ក្រុមការងារ Huawei ធ្វើការ​ដុតដៃដុតជើង​ជាមួយនឹង​ដៃគូ​សហការ ដើម្បី​បម្រើ​ដល់​សេចក្ដីត្រូវការ​អ្នកប្រើប្រាស់ ហើយ​មកទល់ពេលនេះ​យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ Huawei នឹង​បន្ត​ការលើកកម្ពស់​ការវិនិយោគ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ទូរគមនាគមន៍( ICT) ឱ្យ​កាន់តែ​រីកចម្រើន​ទៀត។

នាយក​ជាន់ខ្ពស់​រូបនេះ​បញ្ជាក់ថា៖ ជិត 20 ឆ្នាំ​មកនេះ យើង​បានធ្វើ​ការងារ​ច្រើនណាស់​នៅ​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ ជាង 10 លាន​នាក់​កំពុង​ទទួលយក​សេវាកម្ម និង​ខ្លះ​កំពុង​ប្រើប្រាស់​ផលិតផល​របស់ Huawei ទាំង​មិនដឹង​ខ្លួន។ ក្រៅពី​ទូរស័ព្ទដៃ​មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​អ្នក​ប្រើ កំពុង​ប្រើតែ​មិន​ចាប់អារម្មណ៍​ថា ជា​របស់​Huawei ព្រោះ​អ្វី​ទាំងនោះ វា​ឈរលើ​ឈ្មោះ​នៃ​ក្រុមហ៊ុន​ដែលជា​ដៃគូ​របស់​យើង​តែប៉ុណ្ណោះ។ ដូច​កាលពី​ចន្លោះ ឆ្នាំ 2009 ដល់ 2013 មាន​ទូរស័ព្ទ និង​ឧបករណ៍ Modem អ៊ី​ន​ធើ​ណិ​ត ជាច្រើន​ត្រូវបាន​អ្នក​ប្រើ​ខ្មែរ​ទិញ​ប្រើ ជ្រក​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ  ដោយ​មិនមាន​អ្នកណា​ដឹងថា​ជា​របស់ Huawei ឡើយ។

លោក Xiong Jian បន្ដ​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​បានទទួល​ជោគជ័យ​លើ​ឧបករណ៍ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍ និង​សម្ភារ​ផ្សេងទៀត​ក្នុង​វិស័យ​ជំនួញ (Enterprise Business) ដោយ​វា​ជា​មុខព្រួញ​ដែល Huawei ផ្តោតលើ និង​យកចិត្តទុកដាក់​នៅក្នុង​ប្រទេស​កម្ពុជា។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ធ្វើឱ្យ​ពិភពលោក​មាន​ការតភ្ជាប់​គ្នា​កាន់តែ​ប្រសើរឡើង ដោយ​ដើរតួ​ជា​អ្នក​ដែលមាន​ការទទួលខុសត្រូវ ជា​អ្នកបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​សម្រាប់​សង្គម​ព័ត៌មានវិទ្យា និង​ជា​អ្នក​រួមចំណែក​រួមគ្នា​ក្នុង​វិស័យសេដ្ឋកិច្ច និង​វិស័យ​ឧស្សាហកម្ម។

ជាពិសេស យើង​បានរៀបចំ​សិក្ខា​សិលា​នេះ​រួមជាមួយ​ដៃគូ​ដ៏​មានតម្លៃ​របស់​យើង​គឺ Campura ក្នុង​បំណង​ចង់​ផ្តល់នូវ​ផលិតផល​ដ៏ល្អៗ និង​ផ្តល់នូវ​ដំណោះស្រាយ​នៃ​ការប្រើប្រាស់​ផលិតផល ICT ព្រមទាំង​ការចែករំលែក​រឿងរ៉ាវ​ធ្លាប់បាន​ជោគជ័យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។ យើង​ក៏មាន​បំណង​ចង់​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​ដល់​អតិថិ​ជនក​ម្ពុ​ជា​ផងដែរ។

លោក សៅ វ​លក្ខ​ណ៏ ដែលជា អគ្គនាយក​នៃ​ក្រុមហ៊ុន Campura បានឱ្យដឹង​ដែលថា លោក​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដោយបាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​នាំយក​បច្ចេកវិទ្យាថ្មីៗ ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដល់​ប្រទេស​កម្ពុជា។ ជាមួយនឹង​បទពិសោធ​ន៏​កន្លងមក​នៃ  System Integrator ហើយ​យើង​ស​ង្ឈឹ​មយ៉ាង​មុតមាំ ដើម្បីឱ្យ​មានការ​កើនឡើង​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់ជូន​អោយ​អតិថិជន​ទាំងទ្បាយ​មានឱកាស​សាកល្បង​បច្ចេកវិទ្យា​ឈាន​មុនគេ​របស់ Huawei។ លើសពីនេះ​ទៀត ភាពជា​ដៃគូ​នេះ​ជា​យុត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់  ដោយ​បូករួម​ជាមួយនឹង​ភាពខ្លាំង​របស់​ស្ថាប័ន​ទាំងពីរ​ដែល​ជំរុញឱ្យមាន​ការរីកចំរើន​នៅក្នុង​ប្រទេស​យើង។

រហូតដល់​ឆ្នាំ 2017 ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ជាង 400 នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ក្នុងនោះ 90% ជា​ប្រជាជន​កម្ពុជា។ ក្រុមហ៊ុន Huawei គឺជា​អ្នកផ្តល់​ដំណោះស្រាយ ICT ដ៏​ធំ​បំផុត​មួយ​លើ​ផលិតផល និង​សេវាកម្ម​ដែល​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ចំនួន 70%។ ទាំងនោះ សបញ្ជាក់​ឱ្យឃើញថា ក្រុមហ៊ុន​បាន​បម្រើ និង​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ទទួលស្គាល់​តាំងពី​មិនទាន់​ស្គាល់ឈ្មោះ​មកម្ល៉េះ៕

Advertisement