ល្បីល្បាញពេញបណ្ដាញសង្គម! រូបភាពសត្វក្រពើដ៏ធំសម្បើម 1ក្បាល ដេកយ៉ាងស្ងប់ស្ងៀមនៅលើគ្រែអ្នកជំងឺ រង់ចាំឱ្យក្រុមគ្រូពេទ្យធ្វើការវះកាត់ ដើម្បីយកស្បែកជើងបាតាម្ខាង ចេញពីក្នុងពោះរបស់វា ក្រោយពីវាភ្លេចខ្លួន ច្រឡំលេបចូលទៅ។
ក្លាយជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យអស់សំណើចមួយ នៅលើបណ្ដាញសង្គម នៅពេលដែលអ្នកលេងអ៊ីនធើណិតទាំងឡាយ បានឃើញរូបភាពសត្វក្រពើដ៏ធំ 1ក្បាល ដេកយ៉ាងស្ងៀមនៅលើគ្រែវះកាត់។ វាជាសត្វក្រពើ 1ក្បាល នៃទន្លេ នីល ដែលមានឈ្មោះថា Anuket មកពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង នៅក្នុងរដ្ឋ ហ្វ្លរីដា ដែលមានប្រវែង 3.5ម៉ែត្រ និងទម្ងន់ខ្លួន 150គីឡូក្រាម។
មូលហេតុនៃរឿងរ៉ាវទាំងអស់នេះ គឺមកពី Anuket បានភ្លេចខ្លួន ច្រឡំលេបស្បែកជើងបាតាម្ខាងរបស់អ្នកទេសចរ ដែលបានធ្វើជ្រុះក្នុងអំឡុងពេលដើរតោងខ្សែកាប្លិ៍ ឆ្លងកាត់ស្រះដែលវារស់នៅ។ អ្នកមើលឃើញហេតុការណ៍នោះ បានរៀបរាប់ថា វាបានលេបស្បែកជើងនោះចូលទៅ រួចបានក្អែរចេញមកវិញ មុននឹងលេបចូលទៅវិញម្ដងទៀត។
ខាងកសិដ្ឋានចិញ្ចឹមក្រពើ បានព្យាយាមជួយគ្នា រិះរកវិធីយកស្បែកជើងនោះចេញពីពោះ Anuket មកវិញ ទាំងការធ្វើឱ្យវាក្អួត ធ្វើម៉ាស្សាពោះរបស់វា ដើម្បីឱ្យស្បែកជើងនោះរំកិលចេញមកវិញ ឬសូម្បីតែ យកដៃលូកចូលទៅក្នុងពោះរបស់វាទៀតផង តែវិធីទាំងអស់នោះ មិនទទួលបានលទ្ធផលឡើយ។ ហេតុការណ៍នេះ បានកើតឡើងតាំងពីអំឡុងខែធ្នូ ឆ្នាំកន្លងទៅ។
ពេលវេលា បានកន្លងទៅ 2ខែ ខាងក្រុមគ្រូពេទ្យមកពីមហាវិទ្យាល័យហ្វ្លរីដា បានទទួលការផ្ដល់ដំណឹងអំពីរឿងនេះ ក៏ចូលមកជួយចាត់ការ។ Anuket ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសត្វ តាំងពីថ្ងៃទី5 ខែកុម្ភៈ ដោយខាងក្រុមពេទ្យសត្វ បានសាកល្បងប្រើវិធីផ្សេងៗ ដែលមិនមែនជាការវះកាត់ជាមុនសិន ដើម្បីជាការកាត់បន្ថយភាពប្រឈមចំពោះ Anuket តែ នៅតែមិនទទួលបានលទ្ធផលដូចគ្នា។
ទីបំផុត ក្រុមគ្រូពេទ្យសត្វទាំងនោះ ក៏សម្រេចចិត្ត ធ្វើការវះពោះរបស់ Anuket ដើម្បីចូលទៅដល់ក្រពះ និងវះយកស្បែកជើងនោះចេញ។ មិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យ ក៏អាចយកស្បែកជើងកំពូលបញ្ហានោះ ចេញមកបាន…បន្ទាប់មកក៏ឱ្យ Anuket ដេកសម្រាកនៅក្នុងមន្ទីរពេទ្យបន្ត ហើយមិនប៉ុន្មានថ្ងៃក្រោយមក វាក៏បានទទួលការអនុញ្ញាតឱ្យត្រឡប់ទៅស្ដារស្ថានភាពរាងកាយឡើងវិញ នៅឯកសិដ្ឋានដែលវារស់នៅនោះវិញ។
ខាងកសិដ្ឋាន បានចេញមកថ្លែងថា បច្ចុប្បន្ន សុខភាពរបស់ Anuket កំពុងតែល្អប្រសើរឡើងវិញហើយ តែរាងកាយនៅមិនទាន់រឹងមាំ 100%នៅឡើយ អាចត្រូវការពេលវេលាសម្រាកមួយរយៈទៀត ទើបអាចចេញមកបង្ហាញខ្លួនឱ្យអ្នកទេសចរបានទស្សនាជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើជាឧទាហរណ៍ថា សូមកុំបណ្ដោយឱ្យសត្វក្រពើ លេបស្បែកជើងចូលពោះជាដាច់ខាត!៕
ប្រភព៖ www.india.com
ប្រែសម្រួលដោយ ទិទីតំតាតូ