ក្រោយការចំណាយពេលអស់ជាច្រើនថ្ងៃដើម្បីគណនាអំពីវិធីដែលអាចនាំឱ្យត្រូវឆ្នោត ជាចុងក្រោយ គណិតវិទូអាយុ 64 ឆ្នាំ បានរកឃើញចន្លោះប្រហោងក្នុងប្រព័ន្ធចេញលេខឆ្នោតរបស់រដ្ឋ ដែលនេះបានជួយឱ្យលោកត្រូវឆ្នោតជាបន្តបន្ទាប់ក្នុងរយៈពេលយ៉ាងយូរ រហូតដល់បានប្រាក់ជាង 26 លានដុល្លារអាមេរិក។
ព្រឹកមួយនៃថ្ងៃចុងសប្ដាហ៍ ដែលជាថ្ងៃបើកទំព័រថ្មីដ៏គាប់ប្រសើរនៃជីវិតគ្រួសារមួយគ្រួនៅសហរដ្ឋអាមេរិក។ អ្នកស្រី Marge Selbee បានឆុងកាហ្វេយកទៅឱ្យស្វាមីដែលកំពុងធ្វើកិច្ចការម្យ៉ាងដែលគាត់មិនធ្លាប់បានធ្វើទាល់តែសោះ នោះគឺការគណនាលេខដ៏ស្មុគស្មាញនៅលើក្រដាសដែលទំនងជាមិនមានអ្នកណាអាចមើលយល់។
ឆ្ងល់ពេក អ្នកស្រី Marge ជាភរិយាក៏បានសួរ៖ «បងកំពុងធ្វើអ្វីហ្នឹង?»។
ស្វាមីអ្នកស្រីក៏ងាកមករក ហើយនិយាយថា៖ «បងគិតថា បងទើបតែបានរកឃើញវិធី «ហែក» ប្រព័ន្ធចេញលទ្ធផលឆ្នោតរបស់រដ្ឋ Michigan»។
អ្នកស្រី Marge ញញឹម ហើយក៏មិនបានគិតអ្វីនោះដែរ។ ប៉ុន្តែ ក្រោយពីអ្នកស្រីញ៉ាំកាហ្វេអស់ពីពែង ភ្លាមនោះ Jerry ដែលជាស្វាមី ក៏បានមកអង្គុយក្បែរ និងបង្ហាញអាថ៌កំបាំងដ៏អស្ចារ្យដែលមានតម្លៃឡើងដល់ 26 លានដុល្លារអាមេរិក។
រូបរាងខាងក្រៅរបស់លោក Jerry មើលទៅដូចធម្មតាណាស់ ប៉ុន្តែតាមពិត គាត់គឺជាអនុបណ្ឌិតផ្នែកគណិតវិទ្យា។ លោកមានបញ្ញាយ៉ាងពិសេសតាំងពីនៅជាកុមារ។
ពុំមានអ្នកណាម្នាក់អាចនឹកស្មានដល់ថា គ្រួសារដែលមិនចេះផឹកស្រា ជក់បារី ឬលេងល្បែងមួយនេះ បែរជាធ្វើរឿងរ៉ាវមួយដ៏មហាអស្ចារ្យយ៉ាងដូច្នេះសោះ។
លោក Jerry Selbee ធ្លាប់ធ្វើការក្នុងវិស័យលក់ទំនិញឱ្យរោងចក្រ និងការិយាល័យ នៅមុនពេលលោកធុញធប់នឹងការងារស៊ីឈ្នួលទាំងនេះ។ ត្រូវចិញ្ចឹមប្រពន្ធ និងកូន 6 នាក់ លោក Jerry Selbee ក៏បានសម្រេចចិត្តបើកហាងទំនើបតូចមួយនៅតំបន់ Evart រដ្ឋ Michigan (សហរដ្ឋអាមេរិក)។ ពួកគេមិនបានគិតថានឹងក្លាយជាសេដ្ឋីនោះឡើយ។
ក្រោយមក គ្រួសារនេះបានងាកមកធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុនឆ្នោតនៃទីក្រុង Evart។ អតិថិជនរបស់គ្រួសារនេះជាច្រើនដែលនៅឆ្ងាយៗ តែងនាំគ្នាមកទិញឆ្នោតដែលលោកកំពុងលក់។
លោក Jerry Selbee ទំនងជាយល់ច្បាស់អំពីតួលេខជាងអ្នកណាៗទាំងអស់។ ដើម្បីជាការកំសាន្ត លោកតែងតែស្វែងយល់អំពីទិន្នន័យនៅលើខ្នងសន្លឹកឆ្នោត។
ឆ្នាំ 2003 រង្វាន់ឆ្នោតមួយប្រភេទត្រូវបានក្រុមហ៊ុនឆ្នោតបង្កើតឡើង និងមានឈ្មោះថា Winfall។ លក្ខខណ្ឌដើម្បីឈ្នះគឺសាមញ្ញណាស់៖ អ្នកជ្រើសរើសលេខចាប់ពី 1 ដល់ 49។ បើសិនត្រូវមួយលេខ ពីរលេខ បីលេខ ឬបួនលេខ ប្រាក់រង្វាន់នឹងត្រូវកើនឡើង។ ប៉ុន្តែ បើសិនជាត្រូវទាំង 6 លេខ អ្នកនឹងឈ្នះយ៉ាងតិច 2 ពាន់លានដុល្លារ។
បើសិនពុំមានអ្នកត្រូវ តម្លៃនៃប្រាក់រង្វាន់ក៏នឹងត្រូវកើនឡើងជារៀងរាល់សប្ដាហ៍។ ក្រោយការចេញលទ្ធផលឆ្នោតបាន 6 សប្ដាហ៍ នៅពេលរង្វាន់ពិសេសមានតម្លៃឡើងដល់ 5 លានដុល្លារ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឆ្នោតនឹងមានកម្មវិធី «Roll Down»។ Roll Down កើតឡើងនៅពេលប្រាក់រង្វាន់ត្រូវចែកដល់ក្រុមអតិថិជនដែលត្រូវប្រាំលេខ បួនលេខ និងបីលេខ។
នេះគឺជាចំណុចដែលក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឆ្នោតរបស់រដ្ឋ Michigan បង្កើតឱ្យមានកំហុសឆ្គង។ ពួកគេស្រង់ស្ថិតិនៃប្រូបាបឈ្នះទាក់ទងនឹងខ្ទង់លេខនីមួយ។
ការបកស្រាយអំពីក្បួនគណនានេះនឹងត្រូវចំណាយពេលច្រើន ប៉ុន្តែនិយាយរួម Jerry បានសិក្សាស្រាវជ្រាវទៅលើប្រូបាបឈ្នះទាំងនោះ ក៏ដូចជាការគណនាអំពីពេលវេលាដែល «Roll Down» នឹងកើតឡើង។ តាមការវិភាគ លោក Jerry Selbee រកឃើញថា សន្លឹកឆ្នោតមួយសន្លឹកដែលមានតម្លៃ 1 ដុល្លារ នឹងមានតម្លៃច្រើនជាង 1 ដុល្លារ នៅក្នុងសប្ដាហ៍ចុងក្រោយមួយចំនួន មុននឹងមានព្រឹត្តការណ៍ «Roll Down»។
ដោយហេតុខាងលើនេះ Jerry Selbee បានសម្រេចចិត្តរៀបចំផែនការដើម្បីតាមប្រមាញ់ប្រាក់រង្វាន់។
លោក Jerry Selbee បានដឹងថា លោកត្រូវចាក់ធំដើម្បីបានប្រាក់ចំណេញច្រើន។ ក្នុងការសាកល្បងដំបូង Jerry Selbee បានទិញសន្លឹកឆ្នោតជាច្រើនសន្លឹកដែលមានតម្លៃសរុប 2,000 ដុល្លារ។
ជាលទ្ធផល Jerry Selbee ខាតអស់ 50 ដុល្លារ។ លោកចាត់ទុកថា នេះគ្រាន់តែជាសំណាងមិនល្អមួយ និងនៅតែស្ថិតក្នុងតួលេខដែលអាចទទួលយកបាន។ គណិតវិទូរូបនេះ ក្រោយមកក៏បានរកឃើញ្ថា ខ្លួនត្រូវលេងធំជាងនេះ។
បីខែក្រោយ ព្រឹត្រិការណ៍ «Roll Down» បន្ទាប់ ត្រូវបានប្រកាស។ Jerry Selbee បានទិញសន្លឹកឆ្នោតយ៉ាងច្រើន និងមានតម្លៃសរុប 8,000 ដុល្លារ។ លោកឈ្នះបាន 15,700 ដុល្លារ ក្នុងនោះចំណេញបាន 7,700 ដុល្លារ។ ចាប់តាំងពីពេលនេះ អ្វីៗគ្រប់យ៉ាង បានដំណើរការល្អ។
រៀងរាល់សប្ដាហ៍ លោក Jerry Selbee ក៏ចេះតែចំណាយប្រាក់ច្រើនជាងមុនដើម្បីទិញសន្លឹកឆ្នោត ហើយមានពេលខ្លះ លោកចំណាយដល់រាប់សែនដុល្លារឯណោះ។
គ្រួសាររបស់លោក Jerry Selbee បានធ្វើដូច្នេះអស់រយៈពេលពេញមួយទសវត្សរ៍ ដោយពុំមានអាជ្ញាធរណាចាប់អារម្មណ៍។ រហូតដល់ថ្ងៃមួយ មាននិស្សិតមួយក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) បានរកឃើញចន្លោះប្រហោងនេះដែរនៅក្នុងប្រព័ន្ធលទ្ធផលឆ្នោត ហើយពួកគេក៏បានប្រមូលប្រាក់សម្រុកទិញឆ្នោត។
នៅពេលព័ត៌មានខាងលើត្រូវបានចុះផ្សាយលើទំព័រកាសែត ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឆ្នោតរបស់រដ្ឋ Michigan ក៏បានបិទរង្វាន់ Winfall នេះភ្លាម។ ក៏ប៉ុន្តែ ពេលនោះ គ្រួសាររបស់លោក Jerry រកបានជាង 26 លានដុល្លារពីប្រព័ន្ធឆ្នោតរបស់រដ្ឋ Michigan ទៅហើយ។ ក្រោយពីបានដកការចំណាយនានា Jerry នៅសល់ប្រាក់ចំណេញជាង 8 លានដុល្លារអាមេរិក។
នៅពេលគ្រប់យ៉ាងត្រូវបានទម្លាយ គូស្វាមី-ភរិយានេះ មានអាយុជិត 80 ឆ្នាំអស់ទៅហើយដែរ។ ពួកគេនៅតែរស់នៅយ៉ាងសាមញ្ញ បើទោះបានក្លាយជាសេដ្ឋី។
ដោយប្រើប្រាស់ចំណេះដឹងផ្នែកគណិតវិទ្យារបស់ខ្លួន Jerry បានក្លាយជាអ្នកមានយ៉ាងឆាប់រហ័សជាទីបំផុត ដោយមិនបានបំពានលើច្បាប់អ្វីមួយទាំងអស់។ យ៉ាងណាក៏ដោយ មិត្តអ្នកអានមិនអាចធ្វើដូច្នេះបានឡើយ ព្រោះថា នៅកម្ពុជាមិនមានឆ្នោតដែលមានរង្វាន់ប្រភេទ Winfall ដូចនៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក៕
ប្រភព៖ Medium