កាលពីពេលថ្មីៗនេះ មានការចែករំំលែករូបភាព លោកយាយម្នាក់គ្រងឈុតអាពាហ៍ពិពាហ៍ ថតទន្ទឹមគ្នានឹងអ្នកកំលោះរូបសង្ហាជំនាន់ចៅម្នាក់ ទៅទូទាំងពិភពអនឡាញរបស់ប្រទេសចិន ដោយនៅពីក្រោយរូបភាពទាំងនោះ មានបង្កប់ដោយរឿងរ៉ាវ ដ៏សែនកក់ក្ដៅបេះដូងជាច្រើន។
អ្នកកំលោះម្នាក់នេះ មានឈ្មោះថា ចាង ចៀកាំង ជាមន្ត្រីពន្លត់អគ្គិភ័យនៅតំបន់ហ្វឹនអ៊ី មណ្ឌលចៀងស៊ី អាយុ 24ឆ្នាំ ចំណែកលោកយាយ មានឈ្មោះថា ថាំង សៃអ៊ីង អាយុ 85ឆ្នាំ។ ទាំង 2នាក់ មានអាយុខុសគ្នា 61ឆ្នាំ តែនេះមិនមែនជាអាយុខុសគ្នារបស់គូស្នេហ៍ទេ តែជាអាយុខុសគ្នារបស់យាយ និងចៅទៅវិញទេ។
ចាង រៀបរាប់ថា លោកយាយថាំង តែងតែរើសក្មេងដែលត្រូវគេបោះបង់ចោលនៅក្នុងមន្ទីរពេទ្យ យកមកចិញ្ចឹម…បើក្មេងណាម្នាក់មានរាងកាយរឹងមាំ លោកយាយនឹងបញ្ជូនទៅមណ្ឌលកុមារកំព្រា ឬស្វែងរកអ្នកទទួលចិញ្ចឹមធ្វើជាកូនធម៌ តែបើក្មេងណា មានរាងកាយទន់ជ្រាយ លោកយាយនឹងចិញ្ចឹមមើលថែទាំដោយខ្លួនឯង ហើយ ចាង ក៏ជាក្មេងម្នាក់ដែលមានសុខភាពទន់ជ្រាយដែរ។
លោកយាយ និងស្វាមី បានជួយគ្នាចិញ្ចឹមមើលថែក្មេងកំព្រាដល់ទៅ 6នាក់ ទាំងលោកយាយខ្លួនឯង ក៏មានកូនៗបង្កើតដល់ទៅ 5នាក់ទៀតដែរ តែលោកយាយនៅតែមានដួងចិត្តដ៏សែនល្អប្រពៃ ចិញ្ចឹមមើលថែទាំពួកគេ ប្រៀបដូចជាកូនបង្កើតដូច្នោះដែរ។
ចំណែកថ្លៃចាយវាយក្នុងការចិញ្ចឹមមើលថែ លោកយាយបានមកពីប្រាក់ខែចូលនិវត្តន៍ និងការលក់បន្លែ ដែលប្រាកដណាស់ថា ការចិញ្ចឹមគ្រួសារដ៏ធំមួយ ច្បាស់ជាមានការលំបាកខ្លាំងមិនខាន។ មានពេលខ្លះខ្វះខាតលុយកាក់ តែសំណាងល្អដែរ ដែលខាងអង្គភាពពន្លត់អគ្គិភ័យក្នុងតំបន់ហ្វឹនអ៊ី បានដឹងរឿងនេះ ក៏បានផ្ដល់អាហារូបករណ៍ការសិក្សា ឱ្យចាង និងប្អូនស្រី រយៈពេល 10ឆ្នាំ ដែលទោះជាក្រោយមក មានការប្រែប្រួលកិច្ចការផ្ទៃក្នុង របស់ស្ថាប័នក្ដី តែ ក៏អង្គភាពពន្លត់អគ្គិភ័យ នៅតែផ្ដល់ការឧបត្ថម្ភ រហូតដល់ ចាងបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ចំណែកប្អូនស្រី ចប់វិទ្យាល័យ។
ការជួយយកអាសាក្នុងគ្រានោះ ប្រៀបដូចជាការបណ្ដុះគ្រាប់ពូជនៅក្នុងបេះដូងរបស់ចាងដូច្នោះដែរ… ក្រោយរៀនចប់ គេសម្រេចចិត្តចូលរួមក្នុងកងទ័ពបម្រើប្រទេសជាតិ បន្ទាប់ពីនោះ ក៏ចូលរួមជាមួយអង្គភាពពន្លត់អគ្គិភ័យ។ គេទទួលស្គាល់ថា ការធ្វើការនៅក្នុងអង្គភាពពន្លត់អគ្គិភ័យ ពិបាកខ្លាំងជាងការនឹកស្មានទៅទៀត តែគេបានគិតជាប់ជានិច្ចថា វាគឺជាការបម្រើប្រជាជន ទើបមិនដែលនឹកសោកស្ដាយចំពោះការសម្រេចចិត្តនេះឡើយ។
“លោកយាយ បានផ្ដល់ជីវិតទី2 ដល់ខ្ញុំ ចំណែកអង្គភាពពន្លត់អគ្គិភ័យ បានផ្ដល់ជីវិតទី3 ដល់ខ្ញុំ”
ពេលនេះ ចាង មិនសូវបាននៅក្បែរលោកយាយថាំងប៉ុន្មានឡើយ ដោយសារតែកាលវិភាគការងារដ៏មមាញឹក តែបើសិនជាថ្ងៃណា មានពេលទំនេរ គេតែងនាំលោកយាយចេញទៅដើរកម្សាន្តជានិច្ច។ គេនិយាយថា លោកយាយជាមនុស្សស្រឡាញ់ភាពស្រស់ស្អាតខ្លាំងណាស់ តែ ដោយសារតែត្រូវមើលថែទាំក្រុមគ្រួសារ ធ្វើឱ្យលោកយាយមិនមានឱកាសបានមើលថែទាំខ្លួនឯង និងដែលសំខាន់នោះ គឺលោកយាយ មិនដែលធ្លាប់បានស្លៀកឈុតរៀបការម្ដងណាឡើយក្នុងមួយជីវិតនេះ។
ដូច្នេះហើយទើប ចាង រៀបចំធ្វើស៊ើផ្រៃស៍ ដោយការថតរូប “ព្រីវេដឌីង” ជូនលោកតា និងលោកយាយថាំង តែ ថ្ងៃនោះ លោកតាមិនអាចមកបាន ដោយសារតែមូលហេតុខាងសុខភាព ហើយគេក៏មិនចង់ឱ្យអ្វីៗដែលបានត្រៀមរួចហើយនោះ ខាតបង់ទទេៗដែរ ក៏ស្លៀកឈុតឯកសណ្ឋាន ហើយថតរូបកំដរលោកយាយ។
នៅពេលឃើញរូបថតភ្លាម លោកយាយរាងអៀនៗបន្តិចដែរ តែក៏មានសេចក្ដីសុខយ៉ាងខ្លាំង។
ចាង និយាយថា គេពេញចិត្តចំពោះជីវិតក្នុងពេលនេះខ្លាំងណាស់ ក្ដីប្រាថ្នារបស់គេ គឺលោកយាយថាំងមានសុខភាពរឹងមាំ មានពេលវេលារស់នៅជាមួយគ្នាកាន់តែច្រើនឡើង ហើយគេថែមទាំងបានលើកតម្កើងទឹកចិត្តរបស់លោកយាយយ៉ាងខ្លាំង ដែលទោះជាលោកយាយ រៀនចប់ត្រឹមតែថ្នាក់បឋមមែន តែលោកយាយមានដួងចិត្តដ៏ល្អស្រស់ ពោរពេញដោយការផ្ដល់ឱ្យ…”ទោះជាលោកយាយមានមាឌតូចមួយមែន តែលោកយាយអាចធ្វើរឿងជាច្រើនបាន ដោយបេះដូងដ៏រឹងមាំរបស់លោកយាយ”
ប្រភព៖ worldofbuzz
ប្រែសម្រួលដោយ ទិទីតំតាតូ