ទីស្ដីការថ្មីរបស់ក្រសួងមុខងារសាធារណៈនឹងត្រូវបានសាងសង់លើតំបន់បឹងកប់ស្រូវ (បឹងតាមោក) បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់ឱ្យក្រសួងនេះតាមរយៈអនុក្រឹត្យ មួយ ចុះថ្ងៃទី 28 ខែមករាកន្លងទៅ។
នៅក្នុងអនុក្រឹត្យ លេខ 63 សជណ ចុះថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ខាងលើ បានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកទំហំ 4 ហិកតា ដែលត្រូវបានប្រគល់ឱ្យក្រសួងមុខងារសាធារណៈនេះ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ក្រុងភ្នំពេញ ជាប់នឹងភាគខាងលិចនៃតំបន់ដីរបស់ក្រសួងយុត្តិធម៌។ ទីតាំងនេះមានចម្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រមាណ 12 គីឡូម៉ែត្រទៅទិសខាងជើង និងចម្ងាយពីវត្តភ្នំប្រមាណ 18 គីឡូម៉ែត្រ ទៅទិសខាងជើងឆៀងខាងលិច។
នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយស្តីពីការកំណត់ផ្ទៃបឹង ចំនួន 3,239 ហិកតា ដែលគ្របដណ្តប់លើតំបន់បឹងតាមោក និងដីជុំវិញបឹងនេះ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្នុងឆ្នាំ 2020 រដ្ឋក៏បានសម្រេចកាត់ដីបឹងតាមោកប្រមាណ 682 ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ប៉ុន្តែ ក្នុងនោះក៏មានករណីជាច្រើនត្រូវបានទុកជាមោឃៈផងដែរ។
បឹងកប់ស្រូវ គឺជាបឹងមួយ ដែលត្រូវបានចាប់ផ្ដើមអភិវឌ្ឍក្រោយគេនៅក្នុងចំណោមបឹងធំៗនៅរាជធានីភ្នំពេញ។ នៅជុំវិញបឹងនេះ មានខណ្ឌចំនួន 2 គឺខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូនថ្មី នាព្រឹកថ្ងៃទី 22 ខែមករា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថាប័នរដ្ឋចំនួន 3 ទៀត នឹងត្រូវរើទៅតំបន់បឹងតាមោក រួមមានអគ្គបញ្ជាការដ្ឋានកងទ័ព និងមន្ទីរពេទ្យរដ្ឋចំនួន 2។
ក្រោយពីមានអនុក្រឹត្យ ចុះថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 និងគម្រោងខ្លះៗរបស់រដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន គេឃើញមានគម្រោងអភិវឌ្ឍឯកជនជាច្រើន បានចាប់ផ្ដើមមានឡើងនៅតំបន់នេះ៕