Joseph Flavill អាយុ 19 ឆ្នាំ មិនបានដឹងអ្វីសោះអំពី Covid-19 ដែលបាន និងកំពុងរាតត្បាតពេញពិភពលោក នៅពេលបានដឹងខ្លួនឡើងវិញក្រោយការសន្លប់រយៈពេល 10 ខែ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើទោះជាកំលោះរូបនេះបានឆ្លងវីរុសពីរលើកមកហើយក៏ដោយ។
កំលោះ Joseph Flavill ត្រូវបានរថយន្តបុកពេញ្មួយទំហឹងពេលកំពុងដើរនៅក្នុងទីរួមស្រុក Burton upon Trent ក្នុងតំបន់ Staffordshire ប្រទេសអង់គ្លេសកាលពីថ្ងៃទី 1 មីនា ឆ្នាំ 2020 ពោលគឺ 3 សប្ដាហ៍មុនពេលអង់គ្លេសដាក់បំរាមគោចរទូទាំងប្រទេសលើកដំបូង។ កំលោះនេះធ្លាក់ក្នុងសភាពបាត់បង់ស្មារតីអស់ជាច្រើនខែព្រោះត្រូវរបួសដល់ខួរក្បាល ប៉ុន្តែថ្មីៗនេះ Joseph ចាប់ផ្ដើមដឹងខ្លួន និងមានប្រតិកម្ម។
«ក្មួយខ្ញុំមិនដឹងអ្វីទាំងអស់អំពីរោគរាតត្បាតនៅពេលវាត្រូវសន្លប់ជាង 10 ខែមកនេះ។ ពេលនេះ វាចាប់ផ្ដើមដឹងខ្លួនឡើងវិញហើយ ប៉ុន្តែខ្ញុំមិនដឹងថា វាដឹងអ្វីខ្លះនោះទេ» Sally Flavill Smith ដែលជាម្ដាយមីងរបស់ Joseph រៀបរាប់។ «ខ្ញុំមិនប្រាកដថា Joseph យល់នូវអ្វីដែលយើងកំពុងតែឆ្លងកាត់ដែរ ឬយ៉ាងណា»។
Sally ឱ្យដឹងថា គ្រួសារបានព្យាបាលពន្យល់តាមរយៈការហៅទូរស័ព្ទជាវីដេអូថា ពួកគេមិនអាចមកនៅក្បែរ Joseph បាន ដោយសារតែបំរាមគោចរដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃវីរុស Covid-19។ «ពេលអាក្មួយខ្ញុំដឹងខ្លួន វាមិនបានដឹងថា ហេតុអ្វីបានជាវានៅទីនោះ។ ពួកយើងបានព្យាយាមនិយាយបកស្រាយតាមទូរស័ព្ទ។
Joseph បានចាប់ផ្ដើមកម្រើកដៃជើង បិទបើកភ្នែក និងញញឹម នៅពេលក្រុមគ្រួសារ និងមិត្តភក្ដិសួរនាំ។ អ្នកស្រី Sally និយាយថា ក្មួយរបស់គាត់អាចធ្វើតាមអ្វីដែលពួកគេបានស្នើ ដូចជាយកដៃប៉ះត្រចៀកឆ្វេងនិងស្ដាំង លើកដៃជើង និងឆ្លើយថាយល់ព្រម ឬមិនយល់ព្រម តាមរយៈការធ្មេច និងបើកភ្នែក។ ស្នាមញញឹមដំបូងរបស់ Joseph បានធ្វើឱ្យគ្រប់គ្នាស្រក់ទឹកភ្នែក។
Joseph ក៏ធ្លាប់បានឆ្លង Covid-19 ចំនួនពីរលើកក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែបានជាសះស្បើយហើយ។ អ្នកស្រី Sharon ម្ដាយរបស់ Jeseph ធ្លាប់ទទួលបានការអនុញ្ញាតឱ្យចូលមកមើលកូនក្នុងថ្ងៃខួបកំណើតលើកទី 19 កាលពីខែធ្នូ ឆ្នាំ 2020 ប៉ុន្តែ ត្រូវរក្សាគម្លាត និងពាក់ឈុតការពារវីរុស។
Sally រៀបរាប់ប្រាប់ថា៖ «ពេលនោះ Joseph មិនដឹងអ្វីទាំងអស់ ហើយខ្ញុំគិតថា ម្ដាយរបស់វាបារម្ភខ្លាំងណាស់ ព្រោះមិនដឹងថា កូនប្រុសរបស់គាត់នៅស្គាល់គាត់ដែរ ឬអត់។ ម្ដាយ Joseph ត្រូវរង់ចាំអស់ជាច្រើនខែដើម្បីបានជួបកូនប្រុស»។
មុនពេលជួបគ្រោះថ្នាក់ Joseph គឺជាកំលោះដ៏ស្វាហាប់ និងចូលចិត្តលេងកីឡា។ ក្នុងយុទ្ធនាការស្វែងរកមូលនិធិដើម្បីជួយដល់ Joseph ក្រុមគ្រួសារទទួលបានប្រាក់ឧបត្ថម្ភជាង 30,000 ផោន (41,000 ដុល្លារអាមេរិក) សម្រាប់ការព្យាបាល និងថែទាំកូនប្រុសរបស់ពួកគេ៕
ប្រភព៖ Guardian