ក្នុងវេទិកាស្ដីពីបរិស្ថានកាលពីម្សិលមិញគេសង្កេតឃើញតារាចម្រៀងស្រី មាស សុខសោភា លើកឡើងនូវសំណូមពរ 3ចំណុច ដល់រាជរដ្ឋាភិបាល ដោយឡែកលោក ព្រាប សុវត្ថិ ហាក់ពុំបានបញ្ចេញមតិអ្វីសោះ គ្រាដែលគេមើលឃើញថា លោកដូចជាមានអារម្មណ៍ភិតភ័យ។
បើទោះជាលោក ព្រាប សុវត្ថិ មិនបានបញ្ចេញមតិអ្វីជាដុំកំភួនក្នុងវេទិកាសាធារណៈនោះក៏ដោយ ប៉ុន្ដែក្នុងការផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានវិញ លោកបានលើកឡើងនូវសំណូមពរមួយចំនួនជុំវិញការអភិវឌ្ឍតំបន់ទេសចរណ៍ ពិសេសតំបន់កម្សាន្ដស្ថិតនៅក្នុងខេត្ដរតនគិរី។ លោក ព្រាប សុវត្ថិ បញ្ជាក់ប្រាប់ថា ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ ពិសេសតំបន់ទេសចរណ៍ ដូច្នេះយើងគួរតែចូលរួមថែរក្សាវាឱ្យបានល្អក្នុងចំណែកនៃការអភិរក្ស និងអភិវឌ្ឍន៍យើងគួរតែមានហេដ្ឋារចនាសម្ព័ន្ធល្អដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដូចជានៅខេត្ដរតនគិរី ជាដើម។
លោកបានលើកឧទាហរណ៍ថា៖ «តំបន់បឹងយក្សឡោម…ពិភពលោកគេស្គាល់បឹងយក្សឡោម ប៉ុន្ដែបើយើងមើលពីផ្លូវចូលទៅតំបន់នោះវិញ ហាក់មិនទាន់ល្អសម្រាប់ការទាក់ទាញនៅឡើយទេ ប្រសិនបើយើងធ្វើការកែលម្អផ្លូវ និងរៀបចំបរិស្ថានឱ្យបានកាន់តែល្អថែមទៀតសម្រាប់ភ្ញៀវទេសចរ ក៏វាកាន់តែល្អសម្រាប់មុខមាត់ខេត្ដនេះផងដែរ»។ លោកបន្ដថា មានខេត្ដខ្លះពុំមានអ្វីជាភាពទាក់ទាញដល់ភ្ញៀវទេសចរ ឬក៏អាចយកទៅបង្អួតដល់ពិភពលោកផង ដូច្នេះវាជាភ័ព្វសំណាងសម្រាប់ខេត្ដខ្លះដែលមានតំបន់កម្សាន្ដសម្រាប់បង្អួតដល់គេនោះហើយ។
តារាចម្រៀងលំដាប់កំពូលរូបនេះបានលើកឡើងទៀតថា ជាក់ស្ដែងដូចជាបទលោកតា ស៊ិន ស៊ីសាមុត ឬបទរបស់លោកជាដើម បានចូលរួមច្រៀងលើកពីតំបន់ទេសចរណ៍មួយចំនួនស្ដាប់ទៅពីរោះរហូតមានអ្នកខ្លះមានក្ដីស្រមៃថាចង់ទៅស្គាល់ ព្រោះមិនដឹងថា តំបន់នោះល្អប៉ុនណាទេ? ប៉ុន្ដែទិដ្ឋភាពជាក់ស្ដែង មិនមែនដូចក្នុងចម្រៀងទេ ពោលគឺកន្លែងនោះសម្បូរទៅដោយសំរាម។ លោកបញ្ជាក់ថា តំបន់បឹងកន្សែង គឺយើងមានបទ «អកបឹងកន្សែង» ស្ដាប់ទៅពិរោះរណ្ដំ តែភាពជាក់ស្ដែងអ្វីដែលលោកក៏ដូចជាមហាជនទូទៅអាចមើលឃើញនៅបឹងកន្សែងនោះ គឺមានសំរាមច្រើន ដូច្នេះគួរតែជួយគ្នាថែរក្សាបរិស្ថានឱ្យបានល្អដើម្បីសោភ័ណភាព និងសុខមាលភាពភ្ញៀវទេសចរ និងប្រជាជនដែលរស់នៅជុំវិញទីនោះ។
ពាក់ព័ន្ធនឹងកម្រងទេសភាពនៅខេត្ដរតនគិរី កន្លងមកគេមើលឃើញថា លោក ព្រាប សុវត្ថិ បានបង្ហើរសំនៀងជាច្រើនបទដែលបង្ហាញពីភាពស្រស់ស្អាត និងតំបន់ទេសចរណ៍ជាច្រើននៅក្នុងខេត្ដនេះដូចជាបទ «សាងស្នេហ៍នៅបឹងយក្សឡាម» ជាដើម៕