ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការសំណេរ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាក្នុងសម័យប្រឡងថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ដើម្បីបង្ហាញពីស្ថានភាពទូទៅ និងសរុបស្ថានភាពទូទៅនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ។
ជាស្ថានភាពដែលបង្ហាញដោយក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅឆ្នាំ 2017 នេះ ការប្រឡងមានស្ថានភាពស្ងប់ស្ងាត់ល្អ និងប្រព្រឹត្តទៅដោយរលូន ដោយមានបេក្ខជនប្រឡងសរុបចំនួន 101,410នាក់ និងមានមណ្ឌលប្រឡងចំនួន 178មណ្ឌល ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រពិតចំនួន 108មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន 70មណ្ឌល។ ការប្រឡងនេះក៏មានការចូលរួមពីអ្នកសង្កេតការណ៍ចំនួន 4,678នាក់។
ក្នុងដំណើរការប្រឡងនេះមានបេក្ខជនអវត្តមានចំនួន 1,647នាក់ ក្នុងនោះមានសិស្សស្រីចំនួន 584នាក់ គិតជាភាគរយគឺប្រមាណជា 1,62ភាគរយនៃបេក្ខជនសរុប។ ចំពោះដំណើរការសំណេរនៅឆ្នាំនេះថ្វីត្បិតតែមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗក៏ដោយ តែក៏មានចំណុចខ្លះដែលគួរឱ្យកត់សម្គាល់ផងដែរដូចជាមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តខ្លះ រួមទាំងមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពដែលជាឧបសគ្គបន្តិចបន្តួចសម្រាប់ដំណើរការប្រឡង។
យោងតាមឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា បេក្ខជនប្រឡងដែលមានកំហុសឆ្គងត្រូវបានរៀបចំកំណត់ហេតុពិសេសមានចំនួន 13ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃ6ករណី ប្តូរលេខតុអង្គុយមាន1ករណី លួចចម្លងសំណៅឯកសារ 1ករណី លួចប្រើម៉ាស៊ីនគិតលេខ 1ករណី ប្រឡងជំនួស 1ករណី លួចប្តូរលេខតុ1ករណី និងបុគ្គលិកអប់រំមានកំហុសឆ្គង5ករណី (ប្រើប្រាស់ទូរស័ព្ទ ឱ្យគេមកជំនួស ខ្ជីខ្ជាក្នុងការបំពេញភារកិច្ច)។
ចំពោះបញ្ហាសុខភាពវិញ ជារួមឃើញថាកើតឡើងចំនួន70ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពីទទួលការសង្គ្រោះបឋមចំនួន 31ករណី និង9ករណីផ្សេងទៀតមិនអាចបន្តប្រឡងបាន។ ចំពោះបុគ្គលិកអប់រំវិញ មានបញ្ហាសុខភាពចំនួន2ករណី៕