ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2020 បានទទួលរងការធ្លាក់ចុះអវិជ្ជមានជាលើកដំបូង ក្នុងរយ:ពេលជាង 2ទសវត្សរ៍ចុងក្រោយ ដែលជាចម្បងដោយសារ ការធ្លាក់ចុះវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍កាលពីម្សិលមិញ ដោយបានបញ្ជាក់ថា ទោះយ៉ាងណា កម្ពុជានៅតែអាចសម្រេចបាននូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់ និងមានកម្រិតខ្ពស់ជាង 3ដង នៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-19 វិស័យធនាគារមានស្ថិរភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ នៃវិបត្តិមកលើអាជីវកម្ម និងប្រជាជនក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទំនើបកម្មប្រព័ន្ធទូទាត់ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ក៏នឹងរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យទៅជាសេដ្ឋកិច្ចឌីជីថលផងដែ។ ក្នុងចំណោមប្រព័ន្ធទូទាត់ដែលកម្ពុជាបានដាក់ឱ្យប្រើប្រាស់កន្លងមក ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រព័ន្ធទូទាត់មួយដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក និងកំពុងក្លាយជាប្រព័ន្ធទូទាត់ចម្បងមួយ ដែលសម្រួលដល់ការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ភ្លាមៗ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕