
អ្នកដែលបានចំណាយប្រាក់ច្រើនជាងគេបង្អស់ដើម្បីទិញផ្ទះមួយខ្នងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2020 នេះគឺជាមហាសេដ្ឋីលំដាប់ទីមួយក្នុងពិភពលោក និងជាម្ចាស់នៃក្រុមហ៊ុនផ្សារអនឡាញ Amazon។
ទីមួយ៖ Warner Estate (ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក)

តម្លៃទិញដូរ៖ 165 លានដុល្លារអាមេរិក

កាលពីខែមេសា ឆ្នាំ 2020 លោក Jeff Bezos ដែលជា CEO របស់ក្រុមហ៊ុន Amazon បានសម្រេចចិត្តទិញភូមិគ្រឹះមួយដែលមានឈ្មោះថា Warner Estate ដែលត្រូវបានសាងសង់ឡើងសម្រាប់លោក Jack Warner ដែលជាអតីតប្រធានក្រុមហ៊ុន Warner Bros កាលពីទសវត្សរ៍ឆ្នាំ 1930។ នៅមុនពេលត្រូវបានលក់មកឱ្យ Jeff Bezos ម្ចាស់ចុងក្រោយរបស់ភូមិគ្រឹះនេះគឺមានឈ្មោះថា David Gefen ។
ភូមិគ្រឹះដែលត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ 3.6 ហិកតា និងស្ថិតនៅក្នុងតំបន់ Benedict Canyon នេះ មានទីលានវាយកូនគោល ទីលានវាយកូនបាល់ ផ្ទះសម្រាប់ទទួលភ្ញៀវ និងសួនច្បារដែលមានទំហំធំផងដែរ។
ទីពីរ៖ Jeffrey Katzenberg Estate (នៅទីក្រុង Beverly Hills រដ្ឋ California)

តម្លៃទិញដូរ៖ 125 លានដុល្លារអាមេរិក
កាលពីខែសីហា អ្នកផលិតភាពយន្ត Jeffrey Katzenberg បានលក់ផ្ទះរបស់ខ្លួននៅទីក្រុង Beverly Hills ក្នុងតម្លៃ 125 លានដុល្លារ ទៅឱ្យ Jan Koum ដែលជាសហស្ថាបនិកម្នាក់របស់កម្មវិធីផ្ញើសារ WhatsApp។ ផ្ទះនេះមានទំហំ 2,400 ម៉ែត្រការ៉េ ស្ថិតនៅលើផ្ទៃដីទំហំ 2.8 ហិកតា។
ទីបី៖ លំនៅដ្ឋានដែលស្ថិតនៅជាន់លើគេបង្អស់ (Penthouse) នៃអគារ 220 Central Park South (Manhattan, New York)

តម្លៃទិញដូរ៖ 99 លានដុល្លារអាមេរិក
លំនៅដ្ឋានដែលហៅថា penthouse ដែលមានបន្ទប់គេងចំនួន 4 និងមានទំហំ 910 ម៉ែត្រការ៉េ ស្ថិតនៅលើ 220 Central Park South ដែលជាអគារមួយត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Robert A.M. Stern Architects នេះ ត្រូវបានលក់ឱ្យម្ចាស់ថ្មីកាលពីខែកក្កដា ឆ្នាំ2020។ វាត្រូវបានទិញដំណាលគ្នាជាមួយនឹងជាន់បន្ទាប់ផ្ទាល់ ដែលត្រូវបានប្រើប្រាស់សម្រាប់ទទួលភ្ញៀវ ឬកន្លែងស្នាក់នៅរបស់ម្ចាស់ penthouse ដូច្នេះហើយទើបតម្លៃសរុបរបស់វា បានឡើងដល់ជិត 102 លានដុល្លារ។
នេះគឺជាការទិញដូរគេហដ្ឋានដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទីបីនៅតំបន់ Manhattan។ ក៏ប៉ុន្តែ អត្តសញ្ញាណរបស់អ្នកទិញ penthouse នេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ៕
ប្រភព៖ WSJ
