
ក្រុមហ៊ុនអភិវឌ្ឍ និងផលិតយន្តហោះ Airbus បានប្រកាសបង្ហាញអំពីគំរូយន្តហោះដំណើរការដោយថាមពលអ៊ីដ្រូសែន ដែលមានប្រអប់ម៉ាស៊ីនដាច់ដោយឡែក និងងាយស្រួលដោះចេញ នៅពេលជួបបញ្ហាពេលកំពុងហោះហើរ។
ថ្មីៗនេះ ក្រុមហ៊ុន Airbus បានឧទ្ទេសនាមប្រភេទយន្តហោះដំណើរការដោយអ៊ីដ្រូសែនដែលមានលក្ខណពិសេសជាងមុន ដោយប្រព័ន្ធថាមពលអ៊ីដ្រូសែនត្រូវបានដាក់នៅក្នុងប្រអប់ដាច់ដោយឡែក ដែលងាយឱ្យគេដោះចេញ និងបំពាក់ឡើងវិញនៅលើស្លាបយន្តហោះ។
ប្រអប់នេះនឹងមានផ្ទុកឧស្ម័ន និងប្រព័ន្ធម៉ាស៊ីនដោយឡែករបស់វា អនុញ្ញាតឱ្យ Airbus យកធុងដាក់ឥន្ធនៈទាំងអស់ចេញពីតួយន្តហោះ ដែលប្រការនេះនឹងជួយឱ្យយន្តហោះមានកន្លែងទំនេរច្រើនជាងមុនសម្រាប់ដាក់អីវ៉ាន់ និងកៅអីសម្រាប់អ្នកដំណើរ។


ប្រអប់ម៉ាស៊ីន និងឥន្ធនៈដាច់ដោយឡែកនេះ ក៏ជួយកែលម្អផ្នែកសុវត្ថិភាពដល់យន្តហោះផងដែរ ព្រោះថា បើសិនប្រអប់ម៉ាស៊ីនណាមួយត្រូវខូច ឬឆេះ អ្នកបើកបរអាចឈប់ប្រើប្រាស់ ឬទម្លាក់វាចោល រួចធ្វើឱ្យមានតុល្យភាពលើកម្លាំងរុញច្រានឡើងវិញ តាមរយៈប្រអប់ម៉ាស៊ីនដែលនៅសល់។
តាមគម្រោង Airbus នឹងបំពាក់ប្រអប់ម៉ាស៊ីនចំនួន 3 ទៅលើស្លាបនីមួយៗ ហើយប្រអប់នីមួយៗមានធុងអ៊ីដ្រូសែនរាវអមជាមួយនឹងប្រព័ន្ធទប់ទល់កម្ដៅដោយឡែក។ ក្រៅពីនេះ ប្រអប់ម៉ាស៊ីនក៏នឹងមានអាគុយថាមពលមួយគ្រាប់ ឧបករណ៍អេឡិកត្រូនិកមួយឈុត និងម៉ាស៊ីនមួយគ្រឿងផងដែរ។
នៅលើដី គេអាចប្ដូរប្រអប់ម៉ាស៊ីនមួយ ជំនួសដោយប្រអប់ម៉ាស៊ីនមួយផ្សេងទៀត និងបំពេញថាមពលបានដោយងាយ។ ប្រការនេះនឹងជួយកាត់បន្ថយពេលវេលាបានច្រើននៅក្នុងការចាក់ឥន្ធនៈ ដែលជាដំណាក់កាលមួយ ទាមទារឱ្យមានប្រព័ន្ធស្មុគស្មាញដើម្បីរក្សាអ៊ីដ្រូសែនឱ្យមានសីតុណ្ហភាពត្រជាក់ខ្លាំង៕
ប្រភព៖ Next
