Joey Wat គឺជា CEO របស់ក្រុមហ៊ុន Yum China ដែលជាស្ថាប័នគ្រប់គ្រងភោជនីយដ្ឋានជាង10,000កន្លែងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយរួមមានទាំងបណ្ដាញហាង KFC នៅប្រទេសចិនផងដែរ។
មុនពេលបានក្លាយជា CEO របស់ Yum China (ក្រុមហ៊ុនភោជនីយដ្ឋានធំជាងគេងបំផុតនៅប្រទេសចិន ដោយមានហាងជាង10,000កន្លែង) Joey Wat ធ្លាប់ជានាយិកានៃក្រុមហ៊ុន Watsons UK និងចាប់ផ្ដើមការងាររបស់ខ្លួននៅ McKinsey & Company។ អ្នកស្រីគឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជា CEO ចំនួន 37នាក់ដែលមានឈ្មោះនៅក្នុងបញ្ជី Fortune 500 និងមានទ្រព្យសម្បត្តិដែលមានតម្លៃ15.2លានដុល្លារអាមេរិក។
Yum China បានឡើងផ្សារហ៊ុន (IPO) New York ចាប់ពីឆ្នាំ2016 និងចូលផ្សារហ៊ុនជាលើកទី2នៅ Hong Kong កាលពីខែកញ្ញា2020។ បើទោះជាការធ្វើ IPO កាលពីពេលថ្មីៗនេះរបស់ Yum China ត្រូវគេវាយតម្លៃថា បានចាប់ផ្ដើមដោយការលំបាកបំផុតក្នុងចំណោមករណីធ្វើ IPO នានានៅ Hong Kong ដែលមានតម្លៃចាប់ពី1,000លានដុល្លារឡើងទៅក្នុងឆ្នាំ2019ក៏ដោយ Joey Wat នៅតែមានគម្រោងបើកហាងយ៉ាងតិច800កន្លែងទៀតនៅចុងឆ្នាំ2020។
ស្ត្រី CEO ខាងលើនេះ មិនមែនជាកូនចៅអ្នកមាននោះទេ ប៉ុន្តែគ្រួសាររបស់អ្នកស្រីបានរើពីទីក្រុង Fuzhou មកកាន់ទី Hong Kong កាលពី Wat នៅក្មេង។ ការសិក្សារបស់ Wat ទទួលបានលទ្ធផលល្អត្រចះត្រចង់ និងបានចូលរៀននៅសាកលវិទ្យាល័យ Hong Kong ផងដែរ នៅមុនពេលបានបន្តការសិក្សានៅសាកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិក និងចូលធ្វើការឱ្យក្រុមហ៊ុន McKinsey & Company កាលពីឆ្នាំ2020។
ឆ្នាំ2004 Wat បានចូលធ្វើការឱ្យ A.S. Watson Group នៅអង់គ្លេស ដោយទទួលខុសត្រូវលើគ្រប់គ្រងដំណើរការ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ ក្នុងរយៈពេល1ទសវត្សរ៍ Wat បានជួយសង្គ្រោះបណ្ដាញលក់រាយផលិតផលថែរក្សាសុខភាពនិងសម្រស់ Savers ដែលកំពុងស្ថិតក្នុងដំណាក់កាលលំបាក ហើយបន្ទាប់មកក៏បានក្លាយជានាយិកាប្រតិបត្តិរបស់ Watson UK ដែលជាក្រុមហ៊ុនគ្រប់គ្រងទាំង Savers និងបណ្ដាញលក់រាយ Superdrug។
ឆ្នាំ2014 Wat បានឈានជើងចូលក្នុងវិស័យ F&B (អាហារនិងភេសជ្ជៈ/Food & Beverage) ដោយធ្វើជានាយិការបស់ KFC China នៅមុនពេលទទួលបានតំណែងជាអ្នកគ្រប់គ្រងនានានៅក្រុមហ៊ុនមេ Yum China។ ក្រោយមកទៀត Wat ក៏បានចាប់ផ្ដើមធ្វើជា CEO របស់ Yum China កាលពីឆ្នាំ2018។
ជាមួយនឹងការដឹកនាំរបស់ Wat សកម្មភាពពាណិជ្ជកម្ម មានដូចជាការប្រគល់ទំនិញ និងការលក់ទំនិញតាមអនឡាញរបស់ KFC China ជាដើម បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលសេវាកម្មប្រគល់ទំនិញបានគ្រប់គ្រង17% នៃចំណូលសរុបរបស់បណ្ដាញភោជនីយដ្ឋាននេះនៅក្នុងត្រីមានទី3នៃឆ្នាំ2018។
អ្នកស្រី Joey Wat (Joey Chui Yung Wat) កើតឆ្នាំ1971 និងបង្កើតបានកូនប្រុសម្នាក់កាលពីឆ្នាំ2011។ ទោះជាមមាញឹកនឹងការងារយ៉ាងណាក៏ដោយ អ្នកស្រីតែងតែជឿជាក់ទៅលើសារសំខាន់នៃការចំណាយពេលសម្រាប់គ្រួសារ។
នៅក្នុងកិច្ចសម្ភាសមួយ អ្នកស្រី Joey Wat បានប្រាប់សារព័ត៌មាន Forbes ថា៖ “គ្មានអ្វីសំខាន់ជាងការថែទាំកូនៗនោះទេ ហើយវាគឺជាភារកិច្ចរបស់ខ្ញុំ”៕
ប្រភព៖ SCMP