ស្មាតហ្វូន LG Wing ត្រូវបានក្រុមហ៊ុនសហការជាមួយដៃគូដែលជាក្រុមហ៊ុនអាមេរិក Verizon ប្រកាសបើកឱ្យកុម្ម៉ង់ទុកមុន នៅថ្ងៃទី1 តុលា 2020 នេះហើយ ក្នុងតម្លៃចាប់ផ្តើមគឺ 999ដុល្លារ។
ស្មាតហ្វូនអេក្រង់2 បង្វិលបានមួយនេះ កើតចេញពីគម្រោងការ Explorer Project ជាគម្រោងការដែលរុករកគំនិតថ្មីៗលើការឌីហ្សាញស្មាតហ្វូន។ ការឌីហ្សាញអេក្រង់បង្វិលបែបនេះ មានការអះអាងពី LG ថា អាចទ្រាំទ្រការបង្វិលបាន 20ម៉ឺនដង ហើយ LG ក៏បានធ្វើឱ្យស្មាតហ្វូននេះមានទំហំមិនធំជាងស្មាតហ្វូនធម្មតាប៉ុន្មានឡើយ ពោលគឺមានវិមាត្រ 169.5 x 74.5 x 10.9ម.ម និងមានទម្ងន់ 260ក្រាម។
LG Wing នេះ មានរបៀបប្រើប្រាស់ដូចជាស្មាតហ្វូនធម្មតាដែរ នៅពេលដែលអេក្រង់ទាំង2 បង្វិលចូលគ្នា ប៉ុន្តែនៅពេលដែលអ្នកបង្វិលអេក្រង់មេចេញជារាងផ្ដេក វានឹងផ្ដល់នូវបទពិសោធពិសេសមិនធ្លាប់ជួបពីមុន។
ជាមួយអេក្រង់ទី2 អ្នកប្រើកម្មវិធីបង្ហាញផ្លូវបណ្ដើរ និយាយទូរស័ព្ទបណ្ដើរ មិនមានការរំខានពី Notification ផ្សេងៗពេលលេងហ្គេម, អាចប្រើប្រាស់អេក្រង់ទី2 សម្រាប់បញ្ជាលើការកាត់វីដេអូ និងអាចប្រើ ដើម្បីបញ្ជាការលេងហ្គេមកាន់តែសម្បូរបែប។ អេក្រង់ទាំង2 មានទំហំខុសគ្នា គឺទី1 ទំហំ 6.8អ៊ិញកម្រិត 1080×2460 OLED ឯទី2 ទំហំ 3.9អ៊ិញ កម្រិត1080×1240 OLED ដូចគ្នា។
ដំណើការដោយ Android 10 ប្រើប្រាស់បន្ទះឈីប Snapdragon 765G ជម្រើស RAM 8GB និងមេម៉ូរី128GB។
ឯកាមេរ៉ាមុខទំហំ 32MP អាចថតរូបបានស្អាត និងកាមេរ៉ាក្រោយ 3គ្រាប់ (64MP+13 MP ultrawide+12 MP ultrawide) មានតួនាទីផ្សេងៗគ្នា ជួយឱ្យរូបថត និងរូបភាពវីដេអូ ចេញមកបានល្អប្រសើរ។
សូមទស្សនាវីដេអូ Reviews មុខងារពិសេសៗ និងតេស្តកម្រិតសឹកឆ្កូតលើ LG Wing៖