បើនិយាយអំពីប្រទេស កូរ៉េខាងជើង តើមិត្តអ្នកអាននឹងដល់រឿងអ្វីខ្លះ? ប្រទេសកុម្មុយនីស្ត? សង្គមផ្ដាច់ការ? ការគ្រប់គ្រងដ៏កាចសាហាវ? ឬផ្ទៃមុខរបស់លោក គីម ជុង អ៊ុន?
ជាមួយនឹងប្រទេសដែលមិនអនុញ្ញាតឱ្យនរណាចូល-ចេញងាយៗ ដែលអ្នកទេសចរត្រូវប្រតិបត្តិតាមរបៀបវិន័យដ៏តឹងរ៉ឹងនោះ ពិតជាមានប្រភពទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងនៅស្រស់ស្អាតបរិសុទ្ធច្រើនមិនខាន។ ថ្ងៃនេះ យើងសូមនាំមិត្តអ្នកអានទៅពិនិត្យមើលកន្លែងទេសចរណ៍ 10ទីតាំងក្នុងប្រទេសកូរ៉េខាងជើងថា តើដែនដីអាថ៌កំបាំងមួយនេះមានអ្វីល្អៗឱ្យយើងចង់ទៅកម្សាន្តខ្លះ?
1 . វាំង សុរិយា គុម ស៊ូ សាន់(Kum su san Palace of the Sun)
វាំង សុរិយា គុម ស៊ូ សាន់ ស្ថិតនៅទិសខាងកើតឆៀងខាងជើងនៃក្រុងព្យុងយ៉ាង រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ជាទីកន្លែងប្រជុំសភា និងវិមានរបស់ប្រធានាធិបតី គីម អ៊ីល ស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើងដ៏អមតៈ។ រហូតដល់ពេលអនិច្ចកម្ម ទើបទីកន្លែងនេះត្រូវបានប្ដូរមកជាកន្លែងតម្កល់សពរបស់លោក និងសពរបស់ គីម ជុង អ៊ីល ដែលជាកូនប្រុសផងដែរ។ បច្ចុប្បន្ន វាំង សុរិយា គុម ស៊ូ សាន់ គឺជាកន្លែងតម្កល់សពដ៏ធំបំផុតដែលឧទ្ទិសដល់មេដឹកនាំកុម្មុយនីស្តដែលអ្នកទេសចរទាំងឡាយមិនគួរខកខានឡើយ។
2 . ទីលាន គីម អ៊ីល ស៊ុង( Kim IL-sung Square)
ទីលាន គីម អ៊ីល ស៊ុង ស្ថិតនៅប៉ែកខាងលិចនៃទន្លេ ធែដុង ជាទីលានខ្នាតធំបំផុតរបស់ទីក្រុងព្យុងយ៉ាង មានផ្ទៃដីទាំងអស់ 75,000 ម៉ែត្រក្រឡា ដែលអាចផ្ទុយមនុស្សបានច្រើនជាង 100,000នាក់។ ជាទីកន្លែងជួបជុំ និងមានភាពសំខាន់ខ្លាំងបំផុតនៅក្នុងពិធីព្យុហយាត្រាបង្ហាញពីសក្ដានុពលខាងយោធាដែលតែងបង្ហាញឱ្យពិភពលោកបានឃើញតាមសារព័ត៌មានជាញឹកញាប់។
3 . រថភ្លើងក្រោមដី ព្យុងយ៉ាង
ស្អាតជាប់ក្នុងលំដាប់ Top Ten របស់ពិភពលោក និងមានជម្រៅទៅក្រោមដីជ្រៅបំផុតក្នុងពិភពលោកដល់ទៅ 110ម៉ែត្រ។
គោលបំណងដែលត្រូវសាងស្ថានីយរថភ្លើងក្រោមដីឱ្យជ្រៅខ្លាំងដល់ថ្នាក់នេះ គឺដោយសារតែត្រូវប្រើប្រាស់ធ្វើជាកន្លែងសុវត្ថិភាព គេចពីគ្រោះភ័យ បើសិនជានាពេលអនាគតកើតមានសង្រ្គាមនុយក្លេអ៊ែរឡើង និងមានខ្សែរថភ្លើងបម្រើសេវាកម្ម 2ខ្សែ 17ស្ថានីយ និងក្នុងចម្ងាយផ្លូវសរុបជាង 28គីឡូម៉ែត្រ។
4 . ស្ដូបអនុស្សាវរីយ៍ ជូឆេ(Juche Tower)
ស្ដូបអនុស្សាវរីយ៍ ជូឆេ និមិត្តសញ្ញានៃលទ្ធិ ជូឆេក្នុងប្រទេសកូរ៉េខាងជើង កសាងឡើងដើម្បីទុកជាអនុស្សាវរីយ៍គម្រប់ខួប 70ឆ្នាំរបស់លោកប្រធានាធិបតី គីម អ៊ីល ស៊ុង។ ស្ដូបនេះមានកម្ពស់ជាង 170ម៉ែត្រ នៅគ្រឹះខាងក្រោមមានរូបចម្លាក់កម្មករ កសិករ និងបញ្ញជន ឈរកាន់ញញួរ កណ្ដៀវ និងជក់ បង្ហាញពីបក្ស ពលករនៅក្នុងកូរ៉េខាងជើង។ ពេលឡើងទៅដល់ជាន់លើបំផុតរបស់ស្ដូប ភ្ញៀវទេសចរអាចមើលឃើញទេសភាព ផាណូរ៉ាម៉ា បានទូទាំងទីក្រុង លុះដល់ពេលយប់ នឹងមានភ្លើងហ្វាបាញ់បញ្ចាំងចំតួស្ដូបធ្វើឱ្យភ្លឺចិញ្ចាញលេចធ្លោក្នុងពេលរាត្រី។
5 . ក្លោងទ្វារជ័យព្យុងយ៉ាង(Arch of Triumph)
ក្លោងទ្វារជ័យព្យុងយ៉ាង ឬហៅជាភាសាកូរ៉េថា គែ សន់ ម៊ុន សាងឡើងក្នុងអំឡុងឆ្លងថ្ងៃខួបកំណើតគម្រប់ 70ឆ្នាំរបស់មហាបុរស គីម អ៊ីល ស៊ុង និងជានិមិត្តសញ្ញានៃការតតាំងប្រឆាំងជប៉ុនក្នុងអំឡុងឆ្នាំ 1925 – 1945។ ក្លោងទ្វារជ័យនេះមានកម្ពស់ 60ម៉ែត្រ ជាកម្ពស់ជាលំដាប់លេខ2 ក្នុងពិភពលោកបន្ទាប់ពីប្រទេសម៉ិកស៊ិក និងធំទូលាយខ្លាំងល្មមអាចឱ្យរថយន្តបើកចូល-ចេញបាន 2លេនធំៗ។
6 . សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើង(North Korea Peace Museum)
សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើងស្ថិតនៅជិតនឹង Joint Security Area ក្នុងតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កសាងឡើងដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាបញ្ចប់សង្រ្គាមនៅថ្ងៃទី27 កក្កដា ឆ្នាំ1957 បច្ចុប្បន្នបានដាក់តាំងបង្ហាញពីសព្វាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកគ្រប់ប្រភេទ។
7 . សារមន្ទីរផ្ទះកំណើតរបស់មហាបុរស គី អ៊ីល ស៊ុង ភូមិ ម៉ាន់ យ៉ង់ ដេ
ភូមិ ម៉ាន់ យ៉ង់ ដេ គឺជាទីកំណើតរបស់អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង បច្ចុប្បន្នក្លាយជាសារមន្ទីរខ្នាតតូចមួយ ហ៊ុមព័ទ្ធទៅដោយសួនច្បារដ៏ម្លប់ត្រឈៃ និងដងអូរតូចមួយ ដោយមានផ្ទះជាប់នឹងដីដាក់តាំងបង្ហាញចំនួន 3ខ្នង មានដូចជា ផ្ទះស្នាក់នៅ ផ្ទះទុកដាក់របស់របរ និងផ្ទះបាយ។ មួយខ្នងៗសុទ្ធតែមានដាក់បង្ហាញរបស់របរប្រើប្រាស់យ៉ាងគ្រប់សព្វ រួមទាំងរូបថតក្រុមគ្រួសាររបស់លោកប្រធានព្យួរនៅតាមជញ្ជាំងទៀតផង។
មិនគួរឱ្យជឿឡើយថា ប្រទេសដែលមើលទៅហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទៅទស្សនាកម្សាន្ត ប្រទេសដែលបិទជិត បែរខ្នងដាក់ប្រជាជនទូទាំងពិភពលោកមួយនេះ បែរជាមានកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះសោះ។ អ្នកណាចង់ធ្វើដំណើរទៅស្វែងរកបទពិសោធថ្មីៗ ក៏សូមសាកល្បងឱ្យបានម្ដង តែត្រូវប្រតិបត្តិតាមច្បាប់ដែលគេកំណត់ ជាពិសេស ហាមថតរូបក្នុងកន្លែងដែលគេហាម តែប៉ុណ្ណឹងបានដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត និងត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពហើយ៕