Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីនវះកាត់របស់ខ្លួន នៅក្នុងគម្រោងបញ្ចូល chip កុំព្យូទ័រទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។
ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។
ប្រព័ន្ធម៉ាស៊ីន និង chip ដែលជារ៉ូបូតនេះទំនើបនេះ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។
ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុមហ៊ុន Neuralink៖
ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។
Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។
ថ្មីៗនេះ Neuralink បានធ្វើការបំពាក់ chip របស់ពួកគេទៅក្នុងខួរក្បាលសត្វជ្រូក។ លោក Musk ថ្លែងថា សត្វជ្រូកទាំងឡាយដែលត្រូវបានបំពាក់ chip នេះ មានសុខភាពល្អ រីករាយ ហើយមនុស្សមិនអាចដឹងបានថា ជ្រូកមួយណាជាជ្រូកធម្មតា ឬជ្រូកបំពាក់ chip របស់កុំព្យូទ័រនោះទេ៕
ប្រភព៖ CBS News