វាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលណាស់ដែលនៅចុងខែសីហានេះ កំពូលស្មាតហ្វូនមកពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េចំនួន 2 បានត្រៀមបង្ហាញខ្លួន ដើម្បីបើកសករាជថ្មីនៃពិភពស្មាតហ្វូនសកលជាមួយនឹងសមត្ថភាពខ្លាំង អេក្រង់ប្លែក និងមានកាមេរ៉ាដែលអាចថតរូបបានច្បាស់ទោះពុំមានពន្លឺមិនគ្រប់គ្រាន់ក្ដី។
តាមព័ត៌មានដែលបានចុះផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Samsung បានធ្វើការចែកលិខិតអញ្ជើញជូនភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Unpacked នៅទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017ខាងមុខនេះ ព្រមជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Samsung ទៀតផង។ ទោះជាក្នុងរូបលើលិខិតអញ្ជើញមិនបានបញ្ជាក់ថា ជាទូរស័ព្ទអ្វីក៏ដោយ ប៉ុន្ដែតាមរយៈរូបប៊ិកធ្វើឱ្យយើងអាចសម្គាល់បានយ៉ាងច្បាស់ថា វាគឺជាទូរស័ព្ទ Galaxy Note ជំនាន់ថ្មី គឺ Note 8 ហ្នឹងឯង។ ចំពោះស្មាតហ្វូនថ្មីនេះ ជាទម្លាប់ Samsung តែងបំពាក់អេក្រង់ខ្នាតធំជាងត្រកូល S ផ្សេងទៀតជានិច្ច ព្រមជាមួយនឹងប៊ិក S-Pen មួយដែលមានមុខងារថ្មីៗជានិច្ចពីមួយជំនាន់ទៅមួយជំនាន់។
ចំណែកឯក្រុមហ៊ុន LG វិញក៏បានត្រៀមខ្លួនបង្ហាញទូរស័ព្ទ V30 នៅថ្ងៃទី31 ចុងខែសីហា ឆ្នាំ2017 ខាងមុខនេះដែរ។ LG បានធ្វើការចែកលិខិតអញ្ជើញរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកនេះ និងនៅលើលិខិតអញ្ជើញបានបង្ហាញយ៉ាងច្បាស់អំពីកាលបរិច្ឆេទ និងពេលវេលានៃព្រឹត្តិការណ៍នេះ ព្រមទាំងឈ្មោះរបស់ទូរស័ព្ទទៀតផង៕