ដោយសារតែមានការព្រួយបារម្ភ ខ្លាចត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ អ្នកបើកបរយន្តហោះអាមេរិករាប់ពាន់នាក់ បានចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សាអំពីការបញ្ជាយន្តហោះគ្មានមនុស្សបើក (drone) ដើម្បីមានការងារបម្រុង។
គម្រោងបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំនៅរដូវរំហើយឆ្នាំនេះរបស់ក្រុមហ៊ុនអាកាសចរណ៍នានា កំពុងតែធ្វើឱ្យអ្នកបើកបរយន្តហោះដូចជា Michelle Bishop ប្រឈមនឹងការបាត់បង់ការងារ។ “ខ្ញុំព្យាយាមហោះហើរឱ្យបានច្រើនបំផុតនៅពេលដែលអាចធ្វើទៅបាន ព្រោះខ្ញុំស្រលាញ់ការងារនេះ” នេះបើតាមសម្ដីរបស់ Bishop ដែលជាអ្នកបើកបរយន្តហោះម្នាក់ដែលមានបទពិសោធន៍20ឆ្នាំក្នុងការងារនេះ។
នៅក្នុងអំឡុងពេលផ្អាកការហោះហើរ ថ្មីៗនេះ Michelle Bishop បានស្វែងរកការងារមួយដែលមិនបាច់អង្គុយពេញមួយថ្ងៃនៅក្បែរតុដែលពេញដោយក្រដាស។ សំណាងល្អ នាងក៏បានរកឃើញការងារមួយដែលពាក់ព័ន្ធនឹងការហោះហើរ នោះគឺការបើកបរយន្តហោះគ្មានមនុស្សបើក ពោលគឺបញ្ជាយន្តហោះ drone។
Aquiline Drones ដែលជាក្រុមហ៊ុនថ្មីមួយនៅក្នុងរដ្ឋ Connecticut មានគម្រោងដំណើរការកម្មវិធីមួយនៅក្នុងរយៈពេល2ខែខាងមុខ ដែលមានមុខងារតភ្ជាប់សេវាកម្មជាមួយនឹងតម្រូវការ សម្រាប់អ្នកទាំងឡាយណាដែលមានវិញ្ញាបនបត្របើកបរ drone និងអតិថិជនដែលមានតម្រូវការថតរូប និងវីដេអូពីលើអាកាស នៅក្នុងព្រឹត្តិការផ្សេងៗ ដូចជាពិធីរៀបការ ឬរូបភាពឯកសារនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
ជាមូលដ្ឋាន កិច្ចការរបស់ក្រុមហ៊ុន Aquiline Drones នេះ ស្រដៀងទៅនឹងក្រុមហ៊ុន Uber ឬ ក្រុមហ៊ុន Lyft។ ស្ថាបនិក Barry Alexander ជឿថា អ្នកបើកបរយន្តហោះរាប់ពាន់នាក់នឹងក្លាយជាអ្នកបញ្ជា drone ដែលមានវិញ្ញាបនបត្រ ចូលរួមធ្វើការឱ្យក្រុមហ៊ុននេះ។
បច្ចុប្បន្ន ក្រុមអ្នកប្រើប្រាស់ដែលមានការទទួលស្គាល់ដោយរដ្ឋនៅសហរដ្ឋអាមេរិក គឺនៅមានតិចតួចនៅឡើយ ពោលគឺមិនដល់2សែននាក់ទេ។ ចាប់តាំងពីឆ្នាំ2016 នាយកដ្ឋានអាកាសចរណ៍ជាតិនៅសហរដ្ឋអាមេរិក បានតម្រូវឱ្យក្រុមហ៊ុន និងអ្នកប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ត្រូវតែមានវិញ្ញាបនបត្រ។ គោលដៅរបស់ក្រុមហ៊ុន Aquiline Drones គឺជួយផ្ដល់វិញ្ញាបនបត្រដល់អ្នកបញ្ជា drone រាប់ពាន់នាក់នៅប្រទេសនេះ។ Alexander បានឱ្យដឹងថា ស្ទើរតែទាំងអស់នៃពួកគេ នឹងជាអតីតអ្នកបើកបរយន្តហោះរបស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍។
កម្មវិធីផ្ដល់វិញ្ញាបនបត្ររបស់ក្រុមហ៊ុន ដែលត្រូវបានហៅថា “ជើងហោះហើរទៅកាន់អនាគត” តាមគម្រោងនឹងបើកវគ្គសិក្សាចាប់ពីថ្ងៃទី1កញ្ញាខាងមុខ។ គ្រប់គ្នាអាចចុះឈ្មោះរៀនក្នុងរយៈពេល8សប្ដាហ៍ ដោយតម្រូវឱ្យបង់ថ្លៃត្រឹមតែ1,000ដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែក សិស្សដែលជាអតីតអ្នកបើកបរយន្តហោះ ដែលជាអ្នកបានយល់ច្បាស់អំពីការហោះហើរ អាចចូលរួមវគ្គសិក្សាផ្សេងមួយទៀតដែលមានតម្លៃ800ដុល្លារ។
Alexander បានឱ្យដឹងថា សិក្ខាកាមជាង1,500នាក់បានចុះឈ្មោះរួចរាល់ហើយ ទន្ទឹមនឹងអ្នកបើកបរយន្តហោះចំនួន2,000នាក់ ក្នុងនោះមាន Bishop ផងដែរ។ Bishop បានឱ្យដឹងថា “ខ្ញុំពិតជាមិនដឹងអ្វីអំពីយន្តហោះគ្មានមនុស្សបើក។ ប៉ុន្តែ បើសិនជាជិតឈប់ហោះហើរ ខ្ញុំចង់មានឱកាសរៀនអ្វីមួយដែលថ្មី”។
បើសិនជា ក្រុមហ៊ុន Aquiline ទទួលបានជោគជ័យ នោះអ្នកបើកបរយន្តហោះគ្មានមនុស្សបើកថ្មីដែលទទួលបានវិញ្ញាបនបត្រដូចជា Bishop នឹងបង្កើតបានជាបណ្ដាញនៃអ្នកវិនិយោគស្នូលរបស់កម្មវិធីដែលក្រុមហ៊ុននេះគ្រប់គ្រង។ កិច្ចព្រមព្រៀងផ្ដល់និងទទួលសេវាកម្មផ្ដិតយករូបភាពដោយ drone នឹងមានតម្លៃយ៉ាងតិចចាប់ពី300ដុល្លារឡើងទៅ និងគិតជាម៉ោង វាមានតម្លៃ150ដុល្លារ៕
ប្រភព៖ CNN