ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមរយៈបណ្ដាញសង្គមគឺជាបញ្ហាដ៏ធំមួយសម្រាប់ប្រទេសទូទាំងពិភពលោក ព្រោះព័ត៌មានទាំងនេះវានាំឱ្យមានភាពចលាចលនៅក្នុងសង្គម ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មួយប្រភេទទៀតដែលគេឱ្យឈ្មោះថា Ghostwriter គឺវាមានភាពគ្រោះថ្នាក់ខ្លាំងជាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមរយៈបណ្ដាញសង្គមទៅទៀត។
យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត GhostWriter គឺវាមិនផ្សព្វផ្សាយតាមបណ្តាញសង្គមទេ ផ្ទុយទៅវិញ យុទ្ធនាការនេះបានធ្វើការជ្រៀតចូលក្នុងប្រព័ន្ធគ្រប់គ្រងមាតិកា (CMS) នៃវេបសាយព័ត៌មាន ឬប្រើគណនីអុីមែលដែលមិនត្រឹមត្រូវ (Spoofed email ) ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ។ ម្យ៉ាងវិញទៀត “Ghostwriter” ប្រើអត្តសញ្ញាណរបស់អ្នកដទៃដោយក្លែងធ្វើជា ប្រជាជនក្នុងស្រុក អ្នកកាសែត និងអ្នកវិភាគ នៅក្នុងប្រទេសគោលដៅដើម្បីធ្វើការបង្ហោះអត្ថបទក្លែងក្លាយ។
ជាឧទាហរណ៍ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជំនាញសន្តិសុខមកពី FireEye បានរកឃើញ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតមួយដែលមានគោលបំណងដើម្បីបង្អាក់ដល់ ដំណើរការអង្គការណាតូ តាមរយៈខ្លឹមសារព័ត៌មានក្លែងក្លាយដែលចែកចាយនៅលើវេបសាយព័ត៌មាន ដែលថាមានទាហានជនជាតិកាណាដា ចំនួន ២១នាក់ ដែលឈរជើងនៅប្រទេសឡេតូនី បានឆ្លងជំងឺកូវីត-១។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ FireEye នោះបាននិយាយថា “ប្រតិបត្តិការនេះបានផ្តោតសំខាន់លើប្រទេស លីទុយអានី ឡេតូនី និងប៉ូឡូញ ជាមួយអង្គការណាតូ ធ្វើឡើងតាមរយៈវេបសាយ ឬ គណនីអុីមែល ដែលមិនត្រឹមត្រូវដើម្បីផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋរួមទាំងការឆ្លើយឆ្លងមិនត្រឹមត្រូវពីមន្ត្រីយោធា។ អ្នកដំណើរការ Ghostwriter បានធ្វើការផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋ ជាលិខិតមួយដែលត្រូវបានសរសេរដោយអគ្គលេខាធិការអង្គការណាតូ គឺលោក Jens Stoltenberg ដែលថាសហព័ន្ធន៍អាត្លង់ទិចមានកម្រោងដកចេញពីប្រទេសលីទុយអានីដោយសារការឆ្លងជំងឺកូវីត-១៩៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា