ភាពតានតឹងរវាងអាមេរិកាំងនិងចិន បានរុញតម្លៃមាសឱ្យឡើងថ្លៃដល់1,905ដុល្លារក្នុង1អោន ដែលនេះជាតម្លៃខ្ពស់បំផុតរាប់ចាប់ពីឆ្នាំ2011។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី24កក្កដា តម្លៃមាសលក់ប្រគល់ដល់ដៃបានឡើងថ្លៃបន្ថែម14ដុល្លារ ពោលគឺមានតម្លៃ1,901ដុល្លារក្នុង1អោន។ នេះគឺជាលើកដំបូងហើយដែលមាសឡើងថ្លៃដល់កម្រិតនេះ រាប់ចាប់ពីឆ្នាំ2011។ ក្នុងការជួញដូរ មានពេលខ្លះមាសបានឡើងថ្លៃដល់1,905ដុល្លារ ខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ2011។
នៅក្នុងសប្ដាហ៍នេះ មាសបានឡើងថ្លៃបន្ថែម5% ខ្ពស់បំផុតរាប់ចាប់ពីខែមីនា2020។ តម្លៃមាសអនគតកាលពីម្សិលមិញក៏បានហក់ឡើងដល់1,900ដុល្លារផងដែរក្នុង1អោន។
មាសគឺជាទ្រព្យដែលពេញនិយមបំផុតនៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច និងសង្គមប្រឈមមុខនឹងបញ្ហាអស្ថិរភាព។ តម្លៃមាសឡើងថ្លៃត្រូវបានគេមើលឃើញថា បណ្ដាលមកពីស្ថានការណ៍តានតឹងរវាងចិននិងអាមេរិកាំងដែលកំពុងតែកើនឡើងខ្លាំង ក្នុងគ្រាដែលសេដ្ឋកិច្ចពិភពលោកជួបបញ្ហាវិបត្តិដោយសារ COVID-19។
កាលពីថ្ងៃទី21កក្កដា សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទទ្វារស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ដោយទុកពេលឱ្យ72ម៉ោងដើម្បីចាកចេញ ក្រោមហេតុផលថា “ដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ពលរដ្ឋអាមេរិកាំង”។
កាលពីថ្ងៃទី24កន្លងទៅ ក្រុមមន្ត្រីចិនក៏បានបញ្ជាឱ្យបិទទ្វារស្ថានអគ្គកុងស៊ុលអាមេរិកាំងនៅទីក្រុង Chengdu ក្នុងខេត្ត Sichuan ដើម្បីសងសឹកនឹងទង្វើរបស់សហរដ្ឋអាមេរិក។
ប្រការទាំងនេះហើយ នាំឱ្យពិភពលោកមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអស្ថិរភាពសង្គម និងសេដ្ឋកិច្ច បណ្ដាលឱ្យអ្នកវិនិយោគមានការរារែកក្នុងការបណ្ដាក់ទុនទៅក្នុងទ្រព្យផ្សេងៗ លើកលែងតែមាស៕
ប្រភព៖ Reuters