នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងដល់ថ្ងៃឈប់សម្រាប់រយៈពេល 5ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលនៅពេលនោះប្រជាជននានានៅទូទាំងប្រទេសនឹងដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងប្រទេស។
ដើម្បីទប់ស្កាត់នូវសុវត្ថិភាពរបស់ភ្ញៀវទេសចរក្នុងពេលឈប់សម្រាកនេះ ក្រសួងទេសចរណ៍ បានចេញគោលការណ៍សំខាន់ៗចំនួន4 ចំណុចដូចជា៖
1. ណែនាំដល់នាយកដ្ឋានជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ 015 សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍
2. ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង25 ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺCovid-19ឱ្យបានកាន់តែរឹងមាំ ថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់ សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ
3. ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង25 យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរមណីយដ្ឋានទេសចរណ៍ទាំងអស់ចំពោះការអនុវត្តវិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តកន្លងមក និងបន្តពង្រឹងគុណភាពភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
4. ពង្រឹងការអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការចូលរួមក្នុងយន្តការថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺCovid-19ហើយរត់គេចពីការQuarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍៕