សម្រាប់កូនតូចជាទីស្រឡាញ់ក្នុងអំឡុងវ័យ 3 ខួបដំបូងនៃជីវិត លោកឪពុកអ្នកម្តាយអាចនឹងជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងទស្សនគតិក្នុងការញ៉ាំអាហាររបស់កូនតូចដែលមិនសូវជាអំណោយផលចំពោះសុខភាពប៉ុន្មានឡើយ ដូច្នេះការមានផែនការច្បាស់លាស់ក្នុងការរៀបចំម៉ឺនុយអាហារក្នុងមួយថ្ងៃៗសម្រាប់កូនក្នុងវ័យនេះគឺជារឿងសំខាន់ណាស់ ព្រោះវាពាក់ព័ន្ធនឹងសុខភាពរាងកាយ សមាធិ និងបទពិសោធន៍ក្នុងការញ៉ាំអាហាររបស់កូនតូច។
ទង្វើរើសច្រើន ញ៉ាំតែអាហារណាដែលខ្លួនឯងចូលចិត្ត បើមិនចូលចិត្ត ដូចជាបន្លែ ឬសាច់ត្រី ជាដើម នឹងមិនព្រមញ៉ាំទាល់តែសោះ ឬញ៉ាំបាយមួយម៉ាត់ប្រើពេលជិតកន្លះម៉ោង ថែមទាំងត្រូវមានអ្នកនៅចាំលេងជាមួយទៀត ចំណែកអ្នកម្តាយវិញ ក៏ត្រូវរត់ដេញចាប់បញ្ចុកបាយរហូតអស់កម្លាំង ដូច្នេះសម្រាប់គន្លឹះល្អៗក្នុងការបណ្តុះទម្លាប់ឱ្យកូនមាននិស្ស័យញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយដែលលោកឪពុកអ្នកម្តាយអាចសាកល្បងនាំយកទៅប្រើបានយ៉ាងងាយៗនោះគឺ ៖
រៀបផែនការរឿងមុខម្ហូបរួមគ្នា
ឱ្យកូនតូចជួយគិតជាមួយអ្នកម្តាយផងថា តើមួយពេលៗគួរគួរញ៉ាំម្ហូបអាហារអីល្អ និងឱ្យកូនមានចំណែកក្នុងការជួយត្រៀមរៀបចំអាហារផង ព្រោះវិធីនេះកូននឹងមានអារម្មណ៍សប្បាយជាមួយនឹងការញ៉ាំមួយពេលនោះកាន់តែខ្លាំងឡើង។
អាហារមួយពេលៗ កុំដាច់ឆ្ងាយពីគ្នាយូរពេក
អ្នកម្តាយគួរនាំយកអាហារមកឱ្យកូនញ៉ាំឱ្យត្រូវវេលាក្នុងមួយពេលៗ ព្រោះបើកូនឃ្លាន ហើយត្រូវរង់ចាំអាហារយូរជ្រុលពេកវានឹងក្លាយជាឱកាសឱ្យគេងាកទៅញ៉ាំអាហារសម្រន់ដែលគ្មានប្រយោជន៍ចំពោះសុខភាពវិញ។
អាហារញ៉ាំពេលទំនេរដែលមានប្រយោជន៍
លោកឪពុកអ្នកម្តាយគួរតែមានអាហារញ៉ាំលេងពេលទំនេរប្រភេទដែលមានគុណតម្លៃខាងភោជនាហារទុកនៅក្នុងផ្ទះឱ្យកូនញ៉ាំលេងជាប់ជានិច្ច ដូចជា ផ្លែឈើ នំប៉័ង ជាដើម និងមិនគួរមានតែស្ករគ្រាប់ ឬនំបង្អែមតែម្យ៉ាងនោះឡើយ។
បង្ហាត់កូនតាំងពីថ្ងៃនេះ
លោកឪពុកអ្នកម្តាយគួរបង្រៀនឱ្យកូនចេះញ៉ាំអាហារដែលមានគុណប្រយោជន៍ដល់រាងកាយរបស់គេតាំងពីថ្ងៃនេះ ដោយអាចនឹងត្រូវប្រើភាពអត់ធន់ក្នុងការអធិប្បាយពីហេតុផលឱ្យកូនបានដឹងថា អាហារប្រភេទនីមួយៗដែលគេញ៉ាំចូលទៅនោះនឹងមានប្រយោជន៍ចំពោះរាងកាយយ៉ាងណាខ្លះ ដូចជា បើកូនញ៉ាំអាហារគ្រប់ទាំង 5 ប្រភេទក្រុមរាល់ថ្ងៃ និងថែមទាំងញ៉ាំបន្លែផ្លែឈើផងនោះ នឹងធ្វើឱ្យកូនមានសតិបញ្ញាឆ្លាតវៃសមនឹងវ័យ និងមានរាងកាយរឹងមាំស្រស់ថ្លាមើលមកឃើញគួរឱ្យស្រឡាញ់។ ដូច្នេះទើបកូនមិនគួរជ្រើសរើសក្នុងការញ៉ាំតែអាហារណាដែលឆ្ងាញ់ត្រូវមាត់តែម្យ៉ាងនោះទេ។ ដោយសារវិធីទាំងនេះ លោកឪពុកអ្នកម្តាយនឹងបានឃើញថា កូនតូចរបស់អ្នកមានភាពត្រៀមជាស្រេចទាំងផ្នែករាងកាយ សតិបញ្ញា អារម្មណ៍ និងសង្គម មុននឹងឈានចូលទៅក្នុងសង្គមក្នុងសាលារៀនបានយ៉ាងជឿជាក់ខ្លាំងឡើង។
ព្រោះកូនតូចរបស់យើងនៅតូចខ្លាំងណាស់ ដូច្នេះលោកឪពុកអ្នកម្តាយចាំបាច់ត្រូវជ្រើសរើសយកតែអ្វីដែលល្អៗឱ្យដល់កូន ដើម្បីឱ្យកូនបានរៀនយល់ដឹងពីអ្វីផ្សេងៗជុំវិញខ្លួនបានយ៉ាងឆ្លាតវៃតទៅទៀត៕