Skip to content

ដួង វីរៈ​សិទ្ធ មានឱកាស​ទទួលបាន​ទិ​ដ្ឋ​ការ​ទៅកាន់​សហរដ្ឋអាមេរិក

ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ2016 រហូតមក ភាគច្រើន​គេ​តែង​ឮសូរ​តារា​ខ្មែរ​មួយចំនួន​និយាយ​ត្អូញត្អែរ​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ពាក្យស្នើសុំ​សម្ភាសន៍​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​វី​សា (ទិ​ដ្ឋ​ការ) ចេញទៅ​សហរដ្ឋអាមេរិក​ត្រឹម​រយៈពេល​ខ្លី គឺមាន​ភាពលំបាក​ខ្លាំង ដែល​រហូត​មាន​តារា​ជើងចាស់​ខ្លះ​ធ្លាប់មាន​បទពិសោធ​បានដាក់​ឯកសារ និង​ស្នើសុំ​ជួប​សម្ភាសន៍​ជាមួយម​ន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​នៅតែ​មិនមានឱកាស​ដូច​ការរំពឹងទុក​រប​ស់​ខ្លួន​នោះឡើយ។

ប៉ុន្តែ​ផ្ទុយទៅវិញ សម្រាប់​តារា​ជំនាន់​ថ្មី​វ័យក្មេង ដែល​កំពុងតែ​ក្លាយជា​និមិត្តរូប​របស់​យុវវ័យ​តាមរយៈ​ការ​បង្ហើរ​សំឡេង​ដែល​ពោរពេញ​ទៅដោយ​ទឹកដម​យ៉ាង​ពីរោះ និង​ចេះ​ច្រើន​ជំនាញ​ពាក់ព័ន្ធ​នឹង​ឧបករណ៍​តន្ត្រីសម័យនិង​បុរាណ លោក ដួង វីរៈ​សិទ្ធ បែរជា​មាន​ភ​ព្វ​សំណាង​ខ្ពស់ សម្ភាសន៍​ជាប់​លក្ខ​ខ​ណ្ខ​ដែល​ច្បាប់​អាមេរិក​កំណត់ ជាមួយនឹង​ការទទួលបាន​ទិ​ដ្ឋ​ការចាកចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​មហាអំណាច​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោក ដួង វីរៈ​សិទ្ធ ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​តារាចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ភ្លេង​រីខ​ត ជ្រក​ក្រោម​ក្រុមហ៊ុន​ធំ ហង្ស​មាស តាមរយៈ​ការទទួលបាន​ជ័យលាភី​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី “I am a Singer of Cambodia” ដែល​រៀបចំ និង​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ហង្ស​មាស​កាលពី​ឆ្នាំ​កន្លងទៅនេះ។ នៅត្រឹម​រយៈកាល​ប្រមាណ​ជាង1ឆ្នាំនេះ ដួង វីរៈ​សិទ្ធ ក្រៅពី​បាន​ក្លាយជា​តារាចម្រៀង​ក្នុង​កុងត្រា​ជាមួយ​ផលិតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ ថែមទាំង​មានឱកាស​កៀងគរ​ប្រមូលយក​នូវ​ប្រជាប្រិយភាព​គួរ​ជាទី​មោទន ជាពិសេស តាមរយៈ​បទ​ចម្រៀង​មួយចំនួន​ដូចជា បទ “អូន​គ្មាន​សិទ្ធិ​ទៅ​ចោល​បង​ទេ” បទ “នាវាជីវិត” បទ “ពេលណា​អូន​មកវិញ” បទ “ប្រយោគ​ស្នេហ៍” រួមជាមួយ​នឹងបទ “ប្រុស​ចិត្តខ្មៅ​នេះ​សមតែ​ស្លាប់” ជាដើម ហើយក៏​នៅមាន​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត ដែល​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ទាំងអស់។ ជាថ្មី​ម្ដងទៀត កាន់​តែមាន​មោទនភាព​បន្ថែមទៀត ខណៈដែល​មាន​តារា​ប្រុស​ស្រី​ជាច្រើន​ដួង​បាត់បង់​ឱកាស​ចាកចេញ​ទៅ​បង្ហាញមុខ​នៅ​សហរដ្ឋអាមេរិក​នោះ ប៉ុន្តែ​ខ្លួន​បែរជា​មានជោគ​វាសនា​ខ្ពស់​សម្ភាស​ជាប់ និង​ទទួលបាន​ទិ​ដ្ឋ​ការចាកចេញ​ទៅ​សម្ដែង​នៅក្នុង​ប្រទេសមួយ​នេះ​យ៉ាង​ជោគជ័យ។

តាមរយៈ​សារ​អេឡិចត្រូនិក នៅក្នុង​គណនី​របស់​អ្នកនាង Nita Dara ដែល​គេ​ដឹងថា ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ជាមួយ​តារាចម្រៀង​រូប​សង្ហា​ម្នាក់នេះ​បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​យ៉ាង​ដូច្នេះ​ថា “សូម​ចូលរួម​ត្រេកអរ​ដល់ Doung Vireakseth (ដួង វីរៈ​សិទ្ធ) ដែល​ទទួលបាន​វី​សា (ទិដ្ឋាការ) ទៅ​សហរដ្ឋអាមេរិក នៅក្នុងពេល​ឆាប់​ៗនេះ ដើម្បី​ចូលរួម​ពិធី​ខួប​គម្រប​មួយឆ្នាំ ក្នុងការ​បង្កើត​សារមន្ទីរ មរតក​ខ្មែរ ដែល​ហៅ​កាត់​ថា IKARE”។

យ៉ាងណាក៏ដោយ ជាមួយនឹង​ដំណើរ​ចាក​ចេញទៅ​សម្ដែង​ទៅតាម​ការអញ្ជើញ​របស់​ប្រធាន​សមាគម​ខ្មែរ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​មួយ​នេះ គេ​​រំពឹងថា លោក​ពិតជា​ទទួលបាន​ការ​សាទរ​ពី​សំណាក់​បងប្អូន​ជនជាតិខ្មែរ​យ៉ាង​កក់ក្ដៅ​ជាក់​ជាមិនខាន ខណៈដែល​វត្តមាន​របស់លោក​នៅក្នុង​ស្រុក​កំណើត​​នៃ​ទឹកដី​កម្ពុជា ក៏មាន​ភាព​កក្រើក​រួច​ទៅហើយនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *