បច្ចុប្បន្ននេះ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យសិស្សានុសិស្សជាច្រើនត្រូវរងផលប៉ះពាល់ដោយសារតែការបិទសាលារៀន ហើយត្រូវសិក្សាតាមរយៈបច្ចេកវិទ្យានៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត ចាន់ សុផល បានលើកឡើងថា ហានិភ័យនៃការឆ្លងមេរោគ Covid នៅតាមសាលារៀន មានមែនហើយ ក៏ប៉ុន្តែការបង់ខាតដោយសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត ដោយសារការបិទសាលារៀនយូរ ទំនងជាមានទំហំធំដែលពិបាកវាស់បាន។ សិស្សានុសិស្សរាប់លាននាក់ អាចត្រូវបានប្តូរឥរិយាបថទៅជាមិនល្អ ដោយសារទម្លាប់លេងហ្គេមជ្រុល សម្រាប់អ្នកមានកុំព្យូទ័រឬស្មាតហ្វូន និងទម្លាប់ដើរលេងជ្រុលសម្រាប់អ្នកគ្មានឧបករណ៍ទាំងនេះ ជាពិសេសអ្នកក្រ។
ប្រសិនបើមានមេរោគ Covid នៅក្នុងសហគមន៍ ហានិភ័យចម្លងពីគ្រួសារមួយទៅគ្រួសារមួយ ពីឃុំមួយមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ លោកយល់ថាអាចមានអត្រាឆ្លងខ្ពស់នៅតាមការធ្វើដំណើររបស់កម្មករ និងអ្នកចរាចរណ៍តាមមធ្យោបាយសាធារណៈផ្សេង។ រថយន្តមួយ អាចប្រមូលកម្មកររោងចក្រពីច្រើនភូមិ ជិះប្រជ្រៀតគ្នា ក្នុងមួយឡានអាចដល់50នាក់ ហើយចូលទៅធ្វើការនៅក្នុងរោងចក្រមួយឬច្រើន ដែលមានមនុស្សរាប់ពាន់នាក់មកពីរាប់សិបភូមិផ្សេងៗគ្នា។
នៅសាលារៀនបឋមសិក្សាតាមជនបទភាគច្រើន មានសិស្សមកពីឃុំតែមួយ។ សាលារៀនមធ្យមសិក្សា អាចមានសិស្សមកពីស្រុកតែមួយប៉ុណ្ណោះ ដែលអាចត្រូវបានគ្រប់គ្រង ប្រសិនដឹងថាមានឆ្លងមេរោគ។ ក្រៅពីនេះ សាលារៀនក៏អាចរកវិធីគ្រប់គ្រងហានិភ័យ ដូចជាតាមរយ:ការបើកឱ្យរៀននៅថ្ងៃឆ្លាស់គ្នាដើម្បីបន្ថយចំនួនសិស្សនៅក្នុងថ្ងៃតែមួយ រួមទាំងការស្ទង់កំដៅ និងការមានអាល់កុលលាងដៃជាដើម។
លោកបញ្ជាក់ថា ប្រសិនបើរកឃើញថាសាលារៀនជាកន្លែងចម្លងមេរោគ Covid ពិតប្រាកដនៅក្រោយពេលបើកវិញមែននោះ រដ្ឋាភិបាលនឹងបិទវិញ។ វាទំនងជាមិនបង្កអន្តរាយនោះទេ ដោយហេតុថានៅប្រទេសកម្ពុជា អត្រាជាសះស្បើយពីជំងឺ Covid មានដល់ទៅ100%។ ម្យ៉ាងវិញទៀត ការមិនតិទរោងចក្រ ការដឹកកម្មករចង្អៀតគ្នាតាមឡាន ការបើកផ្សារនិងទីកន្លែងប្រជុំជនផ្សេងៗ ប៉ុន្តែបិទសាលារៀន អាចស្រដៀងគ្នានឹងការលាងសំអាតដៃតែមួយខាង។ ប្រសិនបើមានមេរោគ វានឹងឆ្លងដូចតែគ្នា។
បណ្ឌិត ចាន់ សុផល បង្ហាញការជឿជាក់ថា រដ្ឋាភិបាលប្រាកដជាដឹងវិធីងាយៗទាំងនេះ និង ការបង់ខាតដល់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដោយសារការកើតទម្លាប់មិនល្អរបស់សិស្សានុសិស្សរាប់លាននាក់នៅក្រៅសាលាច្រើនខែ។ លោកក៏បញ្ជាក់ផងដែរថា ៖«ខ្ញុំពិតជាមិនដឹងអំពីជម្រៅនៃការវិភាគនិងការថ្លឹងថ្លែងរបស់អ្នកសម្រេចគោលនយោបាយនោះទេ។ ទាំងនេះគ្រាន់តែជាមតិរបស់ខ្ញុំប៉ុណ្ណោះ»៕