តាមរបាយការណ៍ដែលត្រូវបានគេបង្ហោះពេញបណ្ដាញអ៊ិនធើណេត បានឱ្យដឹងថា ក្រុមហ៊ុន Apple ត្រៀមជះលុយប្រមាណ 2.62 ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន LG ក្នុងការបង្កើតបន្ទះអេក្រង់ សម្រាប់យកទៅប្រើលើទូរស័ព្ទ iPhone ជំនាន់ថ្មីៗទៀត។
តាមការចុះផ្សាយលើគេហទំព័រ The Investor បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងវិនិយោគលុយប្រមាណ 2 ទៅ 3 ទ្រីលានវ៉ុន ឬស្មើនឹង $1.75 ទៅ $2.62 ពាន់លានទៅលើរោងចក្រថ្មីមួយរបស់ LG ដែលនឹងផ្តោតទៅលើការផលិតអេក្រង់ OLED។ ប្រភពបានបន្តទៀតថា ក្រុមហ៊ុនទាំង 2 ទំនងជាបានឯកភាពគ្នាហើយ ទៅលើគម្រោងវិនិយោគមួយនេះ ចំណែកចង្វាក់ផលិតកម្មវិញ រោងចក្រថ្មីនេះអាចនឹងផលិតអេក្រង់ OLED បាន 30,000 ផ្ទាំងធំៗ ដែលអាចបំបែកជាផ្ទាំងតូចៗ សម្រាប់ iPhone បាន។ ចង្វាក់ផលិតកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនាដើមឆ្នាំ 2019 ខាងមុខនេះ៕