ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាឡើងវិញនៅដើមខែមិថុនានេះ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារតែព្រួយបារម្ភពីមេរោគ Covid-19។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា សប្តាហ៍ទី1 នៃខែមិថុនានេះ ភ្ញៀងទេសចរក្នុងស្រុកប្រមាណ 157,942នាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅក្នុងប្រទេស។ ចំនួននេះកើនឡើងប្រមាណ 24.20% បើប្រៀបធៀបនឹងសប្តាហ៍មុន។ ក្នុងចំណោមភ្ញៀវទាំងអស់មានការកើនឡើងទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដោយក្នុងនោះភ្ញៀវជាតិមានចំនួន 154,286នាក់ កើនឡើង 24.07% ខណៈភ្ញៀវបរទេសមានចំនួន 3,656នាក់ កើនឡើងប្រមាណ 30.43%។
បច្ចុប្បន្ននេះទោះស្ថិងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ តែក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធបាន និងកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍ និងកែច្នៃតំបន់ទេសចរណ៍នានាឱ្យកាន់តែមានសក្តានុពល។ ជាក់ស្តែងតំបន់អង្គរត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំឱ្យមានសោភណ្ឌភាពកាន់តែទាក់ទាញ ខណៈតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍ជាច្រើនផ្សេងទៀតក៏កំពុងតែត្រូវបានកែលម្អ។ ហេតុនេះក្រោយបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 ស្ថានភាពទេសចរណ៍នៅកម្ពុជា នឹងអាចមានការប្រែប្រែលខ្លាំងជាវិជ្ជមាន៕