ម៉ូដែលតាក់ស៊ីហោះ EHang នឹងអាចដឹកទំនិញទៅដល់ផ្ទះរបស់ប្រជាជន ក្រោយពីទទួលបានលិខិតអនុញ្ញាតរកស៊ីពីរដ្ឋាភិបាលចិន។
ម៉ូដែលតាកស៊ីហោះគ្មានមនុស្សបើករបស់ក្រុមហ៊ុនបច្ចេកវិទ្យា EHang នៅក្នុងខេត្តក្វាងចូវ ប្រទេសចិន បំពាក់ម៉ាស៊ីនរុញច្រានចំនួន16 អាចដឹកទំនិញទម្ងន់150គីឡូក្រាមនៅក្នុងជើងហោះហើរនីមួយៗ ហើយអាចហោះហើរទៅដល់តំបន់ដាច់ស្រយាល និងតំបន់ភ្នំទៀតផង។ ក្រុមហ៊ុន EHang ឱ្យដឹងថា drone ខ្នាតធំរបស់ពួកគេគឺជាមធ្យោបាយហោះហើរដឹកអ្នកដំណើរដោយស្វ័យប្រវត្ត ដែលដំណើរការដោយអគ្គិសនីដំបូងគេបង្អស់ក្នុងពិភពលោក។
កាលពីថ្ងៃទី27ឧសភា ក្រុមហ៊ុន EHang បានប្រកាសថា ពួកគេទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC/Civil Aviation Administration of China) រួចហើយ ដើម្បីប្រើប្រាស់ drone ដឹកទំនិញ។ ដោយមានល្បឿន 145គម/ម៉ោង ម៉ូដែលតាក់ស៊ីហោះនេះអាចដឹកទំនិញឆ្លងកាត់រវាងតំបន់វាលរាបជាមួយនឹងតំបន់ភ្នំ ឬរវាងតំបន់ដីគោកជាមួយនឹងតំបន់កោះនៅទីក្រុង Taizhou នៅក្នុងការហោះហើរសាកល្បងកន្លងមក។
ក្រុមហ៊ុន EHang បានចែករំលែកវីដេអូបង្ហាញអំពីម៉ូដែលតាក់ស៊ីហោះ EHang 216 ហោះហើរឆ្លងកាត់ផ្ទៃសមុទ្រ និងខ្នងភ្នំនានា។ Drone នេះត្រូវបានហោះហើរសាកល្បងជាលើកដំបូងនៅអឺរ៉ុបកាលពីខែមេសា2019។ EHang 216 អាចដឹកភ្ញៀវចំនួន2នាក់ក្នុងពេលតែមួយ។
កាលពីខែឧសភា2020 ក្រុមហ៊ុន EHang បានចុះកិច្ចព្រមព្រៀងជាមួយនឹងសណ្ឋាគារ LN Garden Hotel នៅខេត្តក្វាងចូវដើម្បីផ្ដល់សេវាកម្មដឹកអ្នកទេសចរក្នុងអនាគតដ៏ខ្លីខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរចិនមិនទាន់ផ្ដល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះដឹកអ្នកដំណើរនៅឡើយ។ ប៉ុន្តែ ការទទួលបានលិខិតអនុញ្ញាតឱ្យដឹកទំនិញគឺជាជំហានដ៏ជោគជ័យមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា EHang៕
ប្រភព៖ Fox News