គិតរយៈពេលពេញ 1ឆ្នាំកាលពីឆ្នាំ2019 ក្រុមហ៊ុន Google បានបង្ហើបឱ្យដឹងថា YouTube រកចំណូលបាន 15ពាន់លានដុល្លារ (15 Billions dollar) ដែលស្មើនឹង 10% នៃចំណូលរបស់ Google ទាំងអស់។ ក្រៅពីនេះ YouTube ក៏មានអ្នកចុះឈ្មោះជាង 20លាននាក់លើសេវាកម្ម Premium (YouTube ដែលគ្មានវីដេអូពាណិជ្ជកម្ម) និងសេវាកម្ម Music Premium រួមទាំងមានអ្នកចុះឈ្មោះជាង 2លាននាក់ទៀត សម្រាប់សេវាកម្មទូរទស្សន៍ផងដែរ។
នេះ គឺជាការប្រកាសលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររយៈពេល 15ឆ្នាំ ដែល YouTube ស្ថិតក្រោមការកាន់កាប់របស់ Google ចាប់តាំងពីពេលដែល Google បានទិញវេបសាយនេះក្នុងឆ្នាំ2006 ជាមួយទំហំទឹកប្រាក់ 1.65ពាន់លានដុល្លារ។
ក្នុងរយៈពេល 3ខែចុងក្រោយនៃឆ្នាំ2019 បណ្ដាញ YouTube អាចរកប្រាក់ចំណូលបានជិត 5ពាន់លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ នេះបើតាមការបង្ហាញរបស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ដែលមានបង្ហាញក្នុងរបាយការណ៍ចំណូលប្រចាំត្រីមាសទី4។
Alphabet និយាយថា ចំណូលពីផលិតផលទាំងនោះ បានដាក់បញ្ចូលក្នុងផ្នែក “Other” ដែលរកចំណូលបាន 5.3ពាន់លានដុល្លារ នៅត្រីមាសទី4 ឆ្នាំ2019 ហើយក្នុងនោះមានរាប់បញ្ចូល Hardware ដូចជាទូរស័ព្ទ Pixel និង Speaker Google Home។ ដូចនេះគេមិនអាចដឹងច្បាស់ពីចំណូលជាក់លាក់នៃផលិតផលនីមួយៗនោះទេ៕