ក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ Nokia អន្តរជាតិ (របស់ប្រទេសហ្វាំងឡង់) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានក្នុងឆមាសទី1 កាលពីឆ្នាំ2019 ដោយលើកឡើងពីការរីកចម្រើនផ្នែកបណ្ដាញទូរគមនាគមន៍ ក្នុងនោះមានប៉ាតង់ 5G ច្រើនជាង 2,000 ហើយត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារអឺរ៉ុប។
លោក Marcus Weldon នាយកផ្នែកគ្រប់គ្រងទូទៅរបស់មន្ទីរ Nokia Bell Labs បាននិយាយថា នៅក្នុងរលកនៃបច្ចេកវិទ្យា គឺមានការផ្លាស់ប្តូរលឿនណាស់។ ក្នុងនោះដែរ Nokia ដែលជាស្ថាប័នឈានមុខគេផ្នែកបណ្ដាញទូរគមនាគមន៍ យើងកំពុងប្រឹងប្រែងបង្កើតថ្មី ទាំងបច្ចេកវិទ្យា និង(R&D-Research and development) ឱ្យពិភពលោកកាន់តែជិតស្និទ្ធដូចនឹងពាក្យស្លោករបស់យើង ” Connecting People”។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូ 3GPP និង ETSI ដែលជាស្ថាប័នជំនាញផ្នែក 5G ដែលក្នុងនោះក៏មានបុគ្គលិកពី Nokia ចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឈានមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា ទោះជាមិនសូវជោគជ័យក្នុងសហគ្រាសស្មាតហ្វូនក៏ដោយ ក៏ប៉ុន្តែ Nokia ហាក់ផ្តោតសំខាន់ លើវិស័យទូរគមនាគមន៍ ដោយបានបំប្លែងខ្លួនទៅជាអ្នកចែកចាយ ជាពិសេសថ្មីៗនេះ ក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ Sprint បានធ្វើការសហការជាមួយក្រុមហ៊ុន Nokia ផ្នែកបណ្ដាញទូរគមនាគមន៍ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធបណ្ដាញ 5G នៅរដ្ឋធំៗចំនួន 4 បន្ថែមទៀតក្នុងសហរដ្ឋអាមេរិកដូចជា New York, Los Angeles, Washington DC និង Phoenix ទៀតផង៕