យន្តហោះដែលបំពាក់ប្រព័ន្ធរុញច្រានដោយថាមពលអគ្គិសនី ដែលមានកម្លាំង750សេះ បានធ្វើការហោះហើរសាកល្បងជាលើកដំបូងបង្អស់របស់ខ្លួន ដោយប្រើពេល30នាទី នៅក្នុងរដ្ឋវ៉ាស៊ីងតោន កាលពីម្សិលមិញ (28ឧសភា)។
យន្តហោះអគ្គិសនី eCaravan ដែលមានកៅអីចំនួន9នេះ ជាលទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុន MagniX និងក្រុមហ៊ុនអាកាសចរណ៍ AeroTEC។ eCaravan ហោះហើរសាកល្បងនៅលើអាកាសរបស់ទីក្រុង Moses Lake នៃរដ្ឋវ៉ាស៊ីងតោន ក្រោមការបញ្ជាពីអ្នកបើកបរម្នាក់ ហើយតាមពីក្រោយវាគឺជាយន្តហោះការពារប្រភេទតូចមួយគ្រឿង។ យន្តហោះអគ្គិសនីនេះបានចាប់ផ្ដើមហោះឡើងនៅវេលាម៉ោង16និង02នាទី (ម៉ោងក្នុងស្រុក) និងចុះចតនៅវេលាម៉ោង16និង32នាទី។ eCaravan ហោះឡើងដល់កម្ពស់762ម៉ែត្រ បន្ទាប់មកវាបានបន្ទាបខ្លួននៅត្រឹម305ម៉ែត្រ និងចំណាយពេល25នាទីក្នុងការហោះឆ្វែលពីលើមូលដ្ឋាននៃព្រលានយន្តហោះ Moses Lake។
ដើម្បីអភិវឌ្ឍបានយន្តហោះអគ្គិសនីនេះ ក្រុមវិស្វករបានប្រើប្រាស់យន្តហោះប្រភេទមធ្យម Cessna Grand Caravan រួចបំពាក់ម៉ូទ័រអគ្គិសនីបន្ថែមទៅក្នុងយន្តហោះនេះ។ MagniX សង្ឃឹមថា ពួកគេអាចបញ្ចេញកំណែពាណិជ្ជកម្មរបស់ eCaravan ដែលអាចហោះបានរយៈចម្ងាយ160គីឡូម៉ែត្រ នៅចុងឆ្នាំក្រោយ។
Roei Ganzarski ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន MagniX បានឱ្យដឹងថា ម៉ូទ័រអគ្គិសនីមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់នៅលើយន្តហោះ ដើម្បីកាត់បន្ថយបរិមាណនៃផ្សែងពុល។ Roei Ganzarski ថ្លែងថា យន្តហោះអគ្គិសនីនឹងជួយកាត់បន្ថយការចំណាយទាក់ទិននឹងការប្រើប្រាស់ថាមពលផងដែរ។ ប្រាក់ចំណាយសម្រាប់ការហោះហើរក្នុង1ម៉ោងរបស់យន្តហោះអគ្គិសនី គឺថោកជាងពី40% ទៅ70% បើធៀបជាមួយនឹងយន្តហោះធម្មតា។
Ganzarski ព្យាករថា យន្តហោះអគ្គិសនីនឹងគ្រប់គ្រងការហោះហើរទាំងអស់ដែលមានរយៈចម្ងាយក្រោម1,600គីឡូម៉ែត្រ នៅក្នុងរយៈពេល15ឆ្នាំខាងមុខ ប៉ុន្តែដំបូងគេត្រូវតែអភិវឌ្ឍបច្ចេកវិទ្យាអាគុយសម្រាប់ផ្ទុកថាមពលឱ្យបានច្រើនជាងសព្វថ្ងៃ។ នាពេលបច្ចុប្បន្ន យន្តហោះអគ្គិសនីសមស្របជាមួយនឹងជើងហោះហើរដែលមានរយៈចម្ងាយខ្លី ពោលគឺប្រមាណជា160គីឡូម៉ែត្រ។
ក្រៅពី MagniX ក៏មានក្រុមហ៊ុនផ្សេងៗជាច្រើនដែលកំពុងអភិវឌ្ឍយន្តហោះអគ្គិសនី ក្នុងនោះក៏មានក្រុមហ៊ុនផលិតយន្តហោះ Airbus ក្រុមហ៊ុន Embraer និងក្រុមហ៊ុន Rolls-Royce ផងដែរ។
ប្រភព៖ CNN