រដ្ឋាភិបាល​លោក​ Trump​ ​​ពិចារណា​ “លុប​ចោល​​ទិដ្ឋាការ​” របស់​និស្សិត​ចិន​រាប់​ពាន់​នាក់​​ ដែល​កំពុង​សិក្សា​​នៅ​​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​

សហរដ្ឋ​អាមេរិក​​ពិចារណា​

សហរដ្ឋ​អាមេរិក​មាន​គម្រោង​លុបចោល​​ទិដ្ឋាការ​របស់​និសិស្ស​​ និង​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជន​ជាតិ​ចិន​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​​យល់​ថា​មាន​ជាប់​ទាក់ទង​ជាមួយ​នឹងកង​ទ័ព​នៅ​ទីក្រុង​ប៉េកាំង​។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​ដែល​ទទួល​បន្ទុក​លើ​គម្រោង​ខាងលើ​បាន​ឱ្យ​ដឹង​ថា អ្នកដែល​ត្រូវ​បាន​យក​មក​ពិចារណា​ក្នុង​ការ​លុប​ចោល​ទិដ្ឋាការ​​ មាន​ជាប់​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​សាលា​ដែល​មាន​ទំនាក់ទំនង​នឹង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ (PLA)។ ប្រភព​ព័ត៌មាន​​ខាងលើ​ក៏បាន​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​អស់​រយៈ​ពេល​3​ឆ្នាំ​មក​ហើយ​។

“យើង​នឹង​ប្រកាស​អំពី​សកម្ម​ភាព​ដែល​ត្រូវធ្វើ​ចំពោះ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ស្អែក​ ហើយ​យើង​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ប្រទេស​ចិននោះ​ដែរ​” លោក​ Trump ថ្លែង​​ប្រាប់​អ្នក​សារ​ព័ត៌មាន​​កាល​ពី​ម្សិល​មិញ​។ លោក​ បន្ត​ថា “យើង​មិន​សប្បាយ​នឹង​អ្វីដែល​បាន​កើត​ឡើង​។ មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន​186​ នៅ​ទូទាំង​ពិភពលោក​ កំពុង​រង​ទុក្ខ​”។

គម្រោង​ខាង​លើ​របស់​សហរដ្ឋ​អាមេរិក​​អាច​ប៉ះពាល់​ដល់​និស្សិត​ចិន​យ៉ាង​តិច​3,000​នាក់​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។ ក៏ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​តួលេខ​តិច​បំផុត​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​និស្សិត​ចិន​ជិត​370,000​នាក់​​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​តួលេខ​នេះ​ស្មើ​នឹង​ 33.7​%​​ នៃ​និស្សិត​​បរទេស​សរុប​ដែល​កំពុង​រៀន​​នៅ​លើ​ទឹក​ដី​អាមេរិក។ ទំហំ​ទឹក​ប្រាក់​ដែលសហរដ្ឋ​អាមេរិក​ទទួល​បាន​​ពី​​និស្សិត​ទាំង​នេះ​ មាន​ប្រមាណ​ជា​ជិត​15​ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ​2018។

ក្រុម​និសិស្ស​ចិន​​ជួប​ជុំ​គ្នា​​ក្នុង​ពិធី​បើក​បវេសនកាល​​នៅ​សាកល​វិទ្យា​ល័យ​ Columbia រដ្ឋ​ New York សហរដ្ឋអាមេរិក​​ កាល​ពីថ្ងៃទី​22​ឧសភា ឆ្នាំ​2019។

ក្រុម​មេដឹក​នាំ​សាលា​ និង​អង្គ​ការ​វិទ្យា​សាស្ត្រ​អាមេរិកាំង​​ដែល​ទទួល​បាន​ប្រយោជន៍​ពី​និស្សិត​ចិន​ មាន​ការ​ព្រួយ​បារម្ភ​ថា សកម្ម​ភាព​ខាងលើ​នឹង​អាច​នាំ​ឱ្យ​មាន​ការ​សង​សឹក​ពី​ទីក្រុង​ប៉េកាំង​ ដោយ​ការ​កាត់​បន្ថយ​សិស្សិត​ និង​សាលា​របស់ជន​ជាតិ​​អាមេរិកាំង​នៅលើ​ទឹក​ដី​ចិន​។

តំណាង​រាស្ត្រ​ Cotton យល់​ថា​ ក្រុម​និស្សិត​ចិន​មក​​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ពី​ប្រព័ន្ធ​អប់រំ​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ក្រោយ​មក​ពួក​គេ​ត្រលប់​​ទៅ​ស្រុក​ចិន​វិញ​ដើម្បី​ “ប្រជែង​ជាមួយ​នឹង​កិច្ច​ការ​របស់​យើង​”​ និង​លួច​យក​គំនិត​ច្នៃ​ប្រឌិត​របស់​សហរដ្ឋ​អាមេរិក​។ លោក Cotton បន្ត​ថា ដោយ​សារ​មូលហេតុ​នេះ​ ក្រុម​និស្សិត​ចិន​គួរ​តែ​ត្រូវ​បាន​ហាម​មិន​ឱ្យ​មក​សហរដ្ឋ​អាមេរិក​​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​នៅ​សាលា​នានា​​ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement