លោក ជែក ម៉ា មានប្រាក់ចំណូលកើនឡើង 8ម៉ឺនលានយន់កាលពីឆ្នាំកន្លងទៅ ដែលមានន័យថា លោកបានសាងប្រាប់ចំណូលជាមធ្យម ក្នុង1ម៉ោង 9.13លានយន់។
ទីភ្នាក់ងារព័ត៌មាន ឆាយណា ដេលី បានរាយការណ៍កាលពីថ្ងៃទី12 ឧសភា ថា លោក ជែក ម៉ា ស្ថាបនិកបណ្ដាញក្រុមហ៊ុនអាលីបាបា បានឈរលើលំដាប់ថ្នាក់លេខ1 ក្នុងចំណោមមហាសេដ្ឋីទាំង 500នាក់នៅក្នុងប្រទេសចិន ដោយមានទ្រព្យសម្បត្តិច្រើនបំផុតសរុបជាង 3សែនលានយន់។
ទស្សនាវដ្តី New Fortune បានបង្ហាញពីលទ្ធផលស្ទាបស្ទង់ចំណាត់ថ្នាក់មហាសេដ្ឋីទាំង 500នាក់នៅក្នុងប្រទេសចិន ឆ្នាំ2019 ថា លំដាប់លេខ1 នៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសចិនឆ្នាំ2019 គឺលោក ជែក ម៉ា ដោយប្រាក់ចំណូលបានកើនឡើង 8ម៉ឺនលានយន់ក្នុងឆ្នាំកន្លងទៅ ដែលមានន័យថា លោកបានសាងប្រាក់ចំណូលបានជាមធ្យមក្នុង 1ម៉ោង 9.13លានយន់(ប្រមាណជាជាង 1.2លានដុល្លារអាមេរិក ក្នុងអត្រាប្ដូរប្រាក់ 1ដុល្លារ=7.11យន់) ច្រើនជាងអ្នកគ្រប់គ្រង់លំដាប់កំពូលរបស់ក្រុមហ៊ុនចុះបញ្ជីជាច្រើន។
លោក ហួង ជឹង ប្រធាន និងជា CEO របស់ក្រុមហ៊ុន Pinduoduo Inc បានជាប់ក្នុងបញ្ជីឈ្មោះ 10នាក់លើគេបំផុត ជាលើកដំបូង ដោយបានស្ថិតក្នុងលំដាប់ថ្នាក់លេខ8។
លោក ចាង យង់ និងភរិយា ឈូ ពីង ម្ចាស់មុខជំនួញឆ្នាំងភ្លើង ហៃទីឡៅ(Haidilao) បានឡើងមកឈរលើលំដាប់លេខ10 ដោយទ្រព្យសម្បត្តិ 1.172សែនលានយន់ កើនឡើងមកពីលំដាប់លេខ20 កាលពីឆ្នាំ2018។
លោក ស៊ុន ភៀវ យ៉ាង ប្រធានក្រុមហ៊ុន ចៀងស៊ូ ហេងរុយ(Jiangsu Hengrui Medicine Co Ltd) និងភរិយារបស់លោក គឺលោកស្រី ចុង ហ៊ុយ ចួន(Zhong Huijuan) ប្រធានក្រុមហ៊ុន Hansoh Pharmaceutical Group Company Limited ឬ “Hansoh Pharma” ក្រុមហ៊ុនជីវឱសថលំដាប់ជួរមុខនៅក្នុងប្រទេសចិន នៅតែជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីទាំង 10 ដោយទ្រព្យសម្បត្តិដែលកើនឡើងលឿនបំផុត 1.10សែនលានយន់។
មហាសេដ្ឋីអ្នកមានបំផុតរបស់ចិនទាំង 500នាក់ មានទ្រព្យសម្បត្តិសរុបទាំងអស់ 10លានលានយន់ ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញអំពីសក្ដានុពលការអភិវឌ្ឍខាងសេដ្ឋកិច្ច ដ៏រឹងមាំនៅក្នុងប្រទេសចិន។
ក្នុងចំណោមមហាសេដ្ឋីទាំង 500នាក់នោះ មាន 96នាក់ មកពីឧស្សាហកម្មទូរគមនាគមន៍ ព័ត៌មាន និងតិចណូឡូជី ដែលមានចំនួនច្រើនជាងឧស្សាហកម្មអចលនទ្រព្យ 50%។
នៅពេលយុគសម័យ 5G ជិតចូលមកដល់ គេរំពឹងថា នឹងមានបុគ្គលដែលនឹងមានទ្រព្យសម្បត្តិច្រើនឡើងក្នុងការអភិវឌ្ឍអ៊ីនធើណិត ហើយនឹងក្លាយជាឱកាសមាស របស់ឧស្សាហកម្មថ្មីៗក្នុងផ្នែកបញ្ញាសិប្បនិម្មិត (AI) កុំព្យូទ័រ ខ្លោដ៍ មនុស្សយន្ត(Robot) និងBlockChain។
គួរបញ្ជាក់ដែរថា ការចាត់លំដាប់ថ្នាក់ 500 មហាសេដ្ឋីចិនលើកនេះ គឺជាឆ្នាំទី18ហើយ ដោយទស្សនាវដ្តី New Fortune ដែលបានចាប់ផ្ដើមរៀបចំធ្វើឡើងតាំងពីឆ្នាំ2003៕
ប្រភព៖ សាព័ត៌មានបរទេស