ថ្មីៗនេះនៅកម្ពុជាយើងមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយតឹងតែងបំផុត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះអគ្គស្នងការនគរបាលជាតិ បានកោះហៅមន្ត្រីនគរបាលទាំងអស់ដើម្បីផ្សព្វផ្សាយពីបទបញ្ជារ និងកំណត់អាទិភាពដើម្បីធ្វើការផាកពិន័យទៅលើរថយន្ត និងម៉ូតូដំណាក់កាលទី1នេះ ដោយក្នុងនោះសម្រាប់ម៉ូតូគឺត្រូវកំណត់យក 7ចំណុចសំខាន់ៗ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ចំណុចទាំង7 ចំនុចដែលជាផ្នែកអាទិភាពសម្រាប់ការផាកពិន័យក្នុងដំណាក់កាលនេះគឺ៖
ទី1. ការបើកបរមិនពាក់មួកសុវត្ថិភាព ព្រោះចំណុចនេះជាចំណុចសំខាន់ដែលបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើន។
ទី2. អ្នកបើកបរមានប្រើប្រាស់គ្រឿងស្រវឹង
ទី3. អ្នកបើកបរមិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍
ទី៤. អ្នកបើកបរល្មើសក្នុងការបត់ និងវ៉ាជែង ដែលបញ្ហានេះភាគច្រើនគឺបត់មិនស៊ីញ៉ូ និងបញ្ហាជាច្រើនទៀតដែលបង្កើតឱ្យមានគ្រោះថ្នាក់
ទី៥. ដឹកលើសចំណុះ ព្រោះកន្លងមកមានម៉ូតូខ្លះដឹកដល់ពី 4 ឬ5នាក់ឯណោះ
ទី៦. គ្មានផ្លាកលេខ
និងទី7. គឺប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ (កាស)៕