ពេលខ្លះការជ្រើសរើសប្រើឧបករណ៍ក៏មានផលប៉ះពាល់ដល់ពេលវេលាក្នុងការសម្អាតវត្ថុ ឬរបស់របរផ្សេងៗបានដែរ ព្រោះបើជ្រើសរើសប្រើឧបករណ៍ខុសប្រភេទនោះអាចនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះយើងទាំងអស់ខាតពេលវេលាក្នុងការសម្អាតច្រើនឡើងដែរស្រួលមិនស្រួល ឧបករណ៍ទាំងនោះអាចនឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចំពោះខ្លួនឯងបានទៀតផង តែបើជ្រើសរើសប្រើឧបករណ៍ត្រូវប្រភេទ និងប្រើការបានស្រួលវិញនោះ ក្រៅពីមានសុវត្ថិភាពចំពោះខ្លួនឯងហើយ នៅជួយសន្សំសំចៃពេលវេលាក្នុងការសម្អាតទៀតផង ដូចជាឧបករណ៍ដែលឡារ៉ែននាំយកមកជម្រាបជូននាពេលនេះជាដើម។
1- ក្រណាត់អៀមការពារប្រឡាក់
គឺជាអ្វីដែលបងៗបុរស និងស្រ្តីមេផ្ទះច្រើនតែព្រងើយកន្តើយ ព្រោះមានអារម្មណ៍ថាក្រណាត់អៀមការពារប្រឡាក់នោះច្រើនតែទើសដៃទើសជើង ធ្វើអ្វីមិនស្រួល។ ដំបូងៗយើងអាចមានអារម្មណ៍បែបនោះក៏ពិតមែន តែបើសាកល្បងអត់ទ្រាំប្រើមួយរយៈនោះក៏នឹងចាប់ផ្តើមធ្លាប់ទៅឯង។ ក្រណាត់អៀមការពារប្រឡាក់តែមួយបន្ទះអាចជួយការពារបានគ្រប់បែបយ៉ាង មិនថាតែស្នាមប្រឡាក់ ធូលីដី ទឹកខ្មៅ ជ័រកាវ ឬអ្វីក៏ដោយដែលនឹងធ្វើឱ្យសម្លៀកបំពាក់យើងប្រឡាក់ ព្រមទាំងជួយឱ្យលោកអ្នកមិនចាំបាច់កង្វល់នឹងភាពកខ្វក់ដែលនឹងខ្ទាតមកប្រឡាក់ និងអ្វីដែលសំខាន់នោះគឺ ក្រណាត់អៀមការពារប្រឡាក់នៅមានហោប៉ៅសម្រាប់ដាក់ឧបករណ៍ចាំបាច់ផ្សេងៗដែលនឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះងាយស្រួលដកយកមកប្រើប្រាស់ទៀតផង។
2 – ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍
អ្នកខ្លះគិតថា ប្រើតែក្រណាត់ធម្មតាៗទូទៅជូតក៏បានដែរ មិនឃើញចាំបាច់អីត្រូវទិញក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍មកប្រើសោះ តែ បងៗស្រ្តីមេផ្ទះដឹងឬទេថា ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍ផ្តល់នូវអ្វីច្រើនជាងលោកអ្នកគិតទៅទៀត ព្រោះក្រៅពីសម្រាប់ជូតតាមច្រកកន្លុកកន្លៀតផ្សេងៗបានស្អាតជាងក្រណាត់ធម្មតាហើយនោះ ក្រណាត់ម៉ៃក្រូហ្វ៉ៃប៊ើរ៍នៅជួយបោសប្រមូលធូលីដី និងការពារមិនឱ្យធូលីដីហុយខ្ចាយមករកខ្លួនយើង និងហុយទៅប្រឡាក់លើរបស់របរផ្សេងៗបានទៀតផង ដោយលោកអ្នកអាចញែកចេញជាពីរបន្ទះ បន្ទះដំបូងទុកសម្រាប់ជូតវត្ថុរបស់របរណាដែលរាបរលោងភ្លឺ និងមួយបន្ទះទៀតទុកប្រើជាមួយវត្ថុរបស់របរប្រើប្រាស់ទូទៅ។
3 – អេប៉ុងលាងចាន
ជឿឬទេថា អេប៉ុងអាចជួយឱ្យយើងធ្វើការជូតសម្អាតបានលឿនរហ័សជាងប្រក្រតី ព្រោះបងៗស្រ្តីមេផ្ទះអាចប្រើការបានបែប 2 in 1 ដោយម្ខាងប្រើសម្រាប់ដុសខាត់ស្នាមប្រឡាក់ ឬកំណកផ្សេងៗ ចំណែកម្ខាងទៀតក៏ទុកសម្រាប់ជូតសម្អាតតាមក្រោយម្តងទៀត។ ពេលខ្លះយើងអាចប្រើអេប៉ុងលាងចានជូតសម្អាតបានដោយមិនចាំបាច់ប្រើទឹកសាប៊ូ ឬទឹកថ្នាំសម្រាប់សម្អាតសូម្បីតែមួយដំណក់ក៏បានដែរ។
4 – ច្រាសដុសធ្មេញចាស់ៗ
បើលោកគ្រូពេទ្យប្រាប់ឱ្យប្តូរច្រាសដុសធ្មេញរៀងរាល់ 3 ខែម្តងនោះ មានន័យថា យើងនឹងមានឧបករណ៍សម្រាប់ដុសខាត់សម្អាតកើនឡើងរៀងរាល់ 3 ខែ ដោយមិនចាំបាច់ទៅស្វែងរកច្រាសវិសេសនៅឯណាមកទៀតឡើយ ព្រោះត្រឹមតែច្រាសដុសធ្មេញចាស់ៗមួយក៏អាចដុសខាត់វត្ថុរបស់របរនៅក្នុងផ្ទះបានគ្រប់យ៉ាង គ្រប់កៀនកោះកន្លុកកន្លៀតបានដែរ តាំងពីវត្ថុតូចៗ ដូចជាគ្រឿងអលង្កា រហូតទៅដល់របស់ធំៗដូចជា តាមជ្រុងតុ ជ្រុងទូ ឬឧបករណ៍អគ្គីសនីក៏បានដែរ។
5 – កាតរឹងៗ ឬកាតអេធីអឹមចាស់ៗ
ស្នាមកំណក ឬស្នាមប្រឡាក់ផ្សេងៗធម្មតានោះអាចជូតចេញបាន តែបើសិនជាស្នាមកំណកស្អិតៗដូចជា កំណកជ័រកាវ ឬស្នាមប្រឡាក់ស្ករកៅស៊ូវិញនោះ ប្រហែលជាធ្វើឱ្យបងៗស្រ្តីមេផ្ទះឈឺក្បាលមិនស្ទើរឡើយ ព្រោះពេលខ្លះប្រើច្រាសរឹងៗខាត់ហើយនៅមិនសូវចង់ចេញផង ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យបងៗប្រើកាតរឹងៗណាមួយក៏បានដែរដែលឈប់ប្រើហើយជំនួសវិញ ដោយយកទៅកោសស្នាមកំណកស្អិតៗនោះ ធានាថា ច្បាស់ជារបូតដាច់ចេញបាត់អស់មិនខាន និងថែមទាំងមិនបន្សល់ទុកស្នាមប្រឡាក់ឱ្យរំខានចិត្តទៀតឡើយ៕