Kim Tae Hee ដែលជាកំពូលតារាសម្ដែងរបស់កូរ៉េខាងត្បូង រៀបរាប់ថា បន្ទាប់ពីបានរៀបការជាមួយកំពូលតារាចម្រៀង Rain នាងទទួលបានបទពិសោធន៍ជីវិតយ៉ាងច្រើន ជីវភាពមានការលំបាកខ្លះ ប៉ុន្តែមានសុភមង្គល។
នៅលើទូរទស្សន៍ SBS (Seoul Broadcasting System) កាលពីម្សិលមិញ(29មេសា) ស្រីស្អាតកូរ៉េខាងត្បូង Kim Tae Hee ជាលើកដំបូងបាននិយាយរៀបរាប់អំពីជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាសាធារណៈ។ Kim Tae Hee ថ្លែងថា “ការរៀបការធ្វើឱ្យយើងយល់ដឹងច្រើនពីជីវិត ការរស់នៅបានល្អជាងមុន ព្រមទាំងធ្វើឱ្យមានអារម្មណ៍ច្រើនប្រភេទ និងពោរពេញដោយបទពិសោធន៍ជីវិត។ល។”។ Kim Tae Hee ប្រាប់ថា ពេលខ្លះត្រូវចួបការលំបាក ប៉ុន្តែដោយមានជំនួយពីក្រុមគ្រួសារ ធ្វើឱ្យនាងមានកម្លាំងចិត្តបន្ថែម និងមិនមានអារម្មណ៍ឯកា។
តារាសម្ដែងស្រីរូបនេះមានបំណងក្លាយជាមិត្តជិតស្និទ្ធរបស់កូនស្រីជាទីស្រឡាញ់ទាំង2រូបរបស់នាង ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រួលចិត្ត នៅពេលម្ដាយនិងកូននៅក្បែរគ្នា។ Kim Tae Hee បន្តថា ថ្វីបើរយៈពេល3ឆ្នាំកន្លងទៅហើយដែលនាងមានកូនដំបូង ប៉ុន្តែនាងនៅតែមានអារម្មណ៍ថា ហាក់ដូចជានៅថ្មីៗ ហើយពេលខ្លះក៏មានអារម្មណ៍ថាបានធ្វើរឿងឆ្គាំឆ្គង និងមិនសូវរលូន។
ចាប់តាំងពីខែមីនា Kim Tae Hee បានពឹងញាតិរបស់ខ្លួនឱ្យជួយមើលថែកូនៗ ដើម្បីនាងមានពេលគ្រប់គ្រាន់សម្រាប់ថតខ្សែភាពយន្តថ្មី រឿង Hi Bye Mama។ ខ្សែភាពយន្ត Hi Bye Mamaនេះ បានថតចប់ជាស្ថាពរកាលពីពាក់កណ្ដាលខែមេសា ហើយនាងក៏បានត្រឡប់មកកាន់គ្រួសារវិញហើយដែរ។ ស្រីស្អាត Kim Tae Hee កំពុងត្រៀមខ្លួនដើម្បីថតរឿងថ្មី ដែលនាងគិតថា នាងនឹងបានថតរឿងល្អៗនាពេលខាងមុខ។
ស្រីស្អាត Kim Tae Hee និងកំពូលតារា Jung Ji-hoon(Rain) បានរៀបការយ៉ាងសាមញ្ញកាលពីឆ្នាំ2017 ហើយពួកគេក៏បានទទួលស្វាគមន៍កូនស្រីច្បងរបស់ខ្លួននៅក្នុងឆ្នាំដដែលនេះដែរ។ កំពូលតារាសម្ដែងស្រី Kim Tae Hee បានបង្កើតកូនស្រីទី2 កាលពីខែកញ្ញា ឆ្នាំ2019។ Kim Tae Hee ទទួលបានការសរសើរ និងការគាំទ្រយ៉ាងខ្លាំង ចំពោះខ្សែភាពយន្តមនោសញ្ចេតនាដែលនាងបានសម្ដែង។ ជាងនេះ ឈុតផ្សាយពាណិជ្ជកម្មរបស់នាង ទាក់ទិននឹងគ្រឿងសម្អាង គ្រឿងអលង្ការ សម្ភារគេហដ្ឋានជាដើម ក៏ទទួលបានការសរសើរថា នាងធ្វើបានល្អ នាងនៅតែស្អាត បើទោះបានឈានចូលវ័យ40ឆ្នាំ៕
ប្រភព៖ សារព័ត៌មានបរទេស