កាលពីថ្ងៃទី20មេសា មហាសេដ្ឋីមកពីទីក្រុងសៀងហៃនៃប្រទេសចិន ឈ្មោះ Colin Huang បានក្លាយជាអ្នកដែលរកបានប្រាក់ច្រើនជាងបង្អស់ក្នុងពិភពលោក ជាមួយនឹងទំហំទំទឹកប្រាក់ឡើងដល់2.9ពាន់លានដុល្លារអាមេរិក។
តម្លៃមូលបត្ររបស់ Pinduoduo បានកើនឡើង12.7% ដោយមានតម្លៃ50,11ដុល្លារ/ហ៊ុន នៅលើផ្សារហ៊ុន Nasdaq កាលពីថ្ងៃទី20មេសា បន្ទាប់ពីព័ត៌មានស្ដីអំពីការវិនិយោគទៅលើ Gome ដែលជាផ្សារលក់រាយអនឡាយធំជាងគេបង្អស់មួយនៅប្រទេសចិន ត្រូវបានប្រកាស។ ប្រការនេះបានជួយឱ្យ Colin Huang រកបានប្រាក់ 2.9ពាន់លានដុល្លារបន្ថែមទៀត ដោយប្រើពេលតែ1ថ្ងៃប៉ុណ្ណោះ។
ក្រុមហ៊ុន Gome ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី19មេសា បានឱ្យដឹងថា ក្រុមហ៊ុន Pinduoduo នឹងទិញមូលបត្រមួយចំនួនធំ តម្លៃ 200លានដុល្លារពីក្រុមហ៊ុន Gome ដែលមូលបត្រទាំងនេះអាចនឹងត្រូវបានប្ដូរទៅជា 5.6% នៃភាគហ៊ុនរបស់ Gome។ 1ថ្ងៃគត់ បន្ទាប់ពីដំណឹងខាងលើត្រូវបានប្រកាស តម្លៃមូលបត្ររបស់ក្រុមហ៊ុន Gome នៅផ្សារហ៊ុនហុងកុង បានឡើងថ្លៃ16%។
ក្រុមហ៊ុន Pinduoduo ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2015 និងបានរីកចម្រើនយ៉ាងខ្លាំងក្លា ហើយក៏បានក្លាយជាអាជីវកម្មលក់រាយនៅលើអនឡាញធំបំផុតមួយនៅប្រទេសចិន ជាមួយនឹងតម្លៃទុនសរុបនាបច្ចុប្បន្ន ឡើងដល់58ពាន់លានដុល្លារអាមេរិក។
យោងតាមទស្សនាវដ្ដី Forbes មហាសេដ្ឋី Huang ដែលបច្ចុប្បន្នមានអាយុ40ឆ្នាំ កំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណជា26.4ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេលំដាប់ទី3នៅប្រទេសចិន(ដីគោក) និងកំពុងឈរលំដាប់លេខរៀងទី35 នៅលើតារាងចំណាត់ថ្នាក់ទូទាំងពិភពលោក។
ប៉ុន្តែ ភាពអស្ចារ្យនេះមិនទាន់ធ្វើឱ្យ Huang អាចលោតរំលងអតីតថៅកែរបស់ខ្លួន គឺលោក Larry Page (សហស្ថាបនិករបស់ Google ដែលមានទ្រព្យ 55.9ពាន់លានដុល្លារ និង Sergey Brin មានទ្រព្យ 53.9ពាន់លានដុល្លារ) នៅឡើយ។ ទោះជាយ៉ាងនេះក្ដី Huang សម្រេចបានពាក់កណ្ដាលផ្លូវហើយ ខណៈបានលោតរំលងអតីតនាយកប្រតិបត្តិរបស់ Google គឺលោក Eric Schmidt ដែលបច្ចុប្បន្នមានទ្រព្យ 14.2ពាន់លានដុល្លារ។
ក្រុមហ៊ុន Gome ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1987។ ចាប់ពីឆ្នាំ2007 មកដល់ពេលនេះ តម្លៃមូលបត្ររបស់ក្រុមហ៊ុននេះ បានថយចុះដល់ទៅ95% ធ្វើឱ្យតម្លៃទុនក្នុងទីផ្សារនៅសល់ត្រឹម 2.4ពាន់លានដុល្លារ។ លោក Wong Kwong Yu ដែលជាស្ថាបនិករបស់ Gome បច្ចុប្បន្ន ត្រូវជាប់ពន្ធនាគារក្រោមបទចោទពុករលួយ និងកេងបន្លំក្នុងការរកស៊ី។
ប្រទេសចិន គឺជាប្រភពនៃមហាសេដ្ឋីធំជាងគេលំដាប់ទី2នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ បើទោះជាស្ថិតក្នុងស្ថានភាពវិបត្តិសុខភាព ប៉ុន្តែប្រទេសចិននៅតែមានសមាជិកថ្មីម្នាក់ទៀត បានឡើងដល់លំដាប់មហាសេដ្ឋីកំពូលៗរបស់ពិភពលោក៕
ប្រភព៖ Forbes