ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បានឆ្លងមេរោគកូរ៉ូណា COVID-19 ប៉ុន្តែមានអាការរោគមិនធ្ងន់ធ្ងរនោះទេ។
ព្រះរាជដំណាក់ Clarence ដែលជាតំណាងរបស់ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមានព្រះរាជសុខភាពល្អនៅឡើយ បើទោះជាមានអាការរោគខ្លះៗក៏ដោយ។ ទ្រង់បានបំពេញរាជកិច្ចនៅឯដំណាក់របស់ទ្រង់ដូចធម្មតា”។
ព្រះនាង Camilla ដែលជាព្រះជាយារបស់ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើតេស្តរកមេរោគហើយដែរ ដោយលទ្ធផលអវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និងអ្នកម្នាង Camilla បច្ចុប្បន្នបង្ខាំងខ្លួនឯងនៅក្នុងដំណាក់នៅឯប្រទេស Scotland (Scotland ជាផ្នែកមួយនៃចក្រភពអង់គ្លេស)។
ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់ដឹងទេថា ព្រះអង្គម្ចាស់ឆ្លងមេរោគពីអ្នកណានៅឡើយ តែទ្រង់បានចូលរួមពិធីជាច្រើននាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពីរាជវាំងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើតេស្តរកមេរោគនៅថ្ងៃទី23មីនា និងទទួលលទ្ធផលនៅថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់ត្រូវបានគេជឿថា បានឆ្លងមេរោគចាប់ពីក្រោយថ្ងៃទី13មីនា។
ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បានយាងទៅជួបម្ចាស់ក្សត្រី Elizabeth II ដែលមានព្រះជន្ម93ព្រះវស្សា នៅថ្ងៃទី13មីនា។ បរមរាជវាំង Buckingham បានឱ្យដឹងថា ក្សត្រីអង្គនេះ “នៅមានសុខភាពល្អ និងកំពុងធ្វើតាមយល់ដ៏សមស្របបំផុត”។
កាលពីថ្ងៃទី10មីនា ព្រះអង្គម្ចាស់ Charles បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ WaterAid នៅឯរាជដំណាក់ Clarence ដើម្បីពិភាក្សាអំពីបញ្ហាអាកាសធាតុ។ កិច្ចប្រជុំនេះ ក៏មានវត្តមានរបស់ព្រះអង្គម្ចាស់ Monaco Albert II ព្រះជន្ម62វស្សា ដែលជាមេដឹកនាំម្នាក់ដែលបានឆ្លងវីរុស COVID-19 កាលពីសប្ដាហ៍មុន។
ចក្រភពអង់គ្លេស មកដល់បច្ចុប្បន្ន បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន 8,227នាក់ ក្នុងនោះមាន420នាក់បានបាត់បង់ជីវិត និងជាង130បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស