ភ្នំពេញៈ ក្រុមហ៊ុន SCG ដែលបាននិងកំពុងវិនិយោគស៊ីម៉ងត៍ម៉ាក K Cement កំពុងរៀបចំដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លូននៅពេលដែលឧស្សាហកម្មសំណង់កំពុងបន្តរីកចម្រើនដែលធ្វើឲ្យតម្រូវការស៊ីម៉ងត៍កើនឡើង។
លោក ប្រាក់ សេរីវឌ្ឍនា អ្នកសម្របសម្រួលគម្រោងវិនិយោគនៃក្រុមហ៊ុន SCG បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី24 កក្កដានេះថា ក្រុមហ៊ុនកំពុងសិក្សាបង្កើនខ្សែសង្វាក់ផលិតកម្មថ្មីដែលអាចមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន 2,600តោនក្នុងមួយថ្ងៃបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរោងចក្ររបស់យើងអាចផលិតស៊ីម៉ងត៍បានចំនួនត្រឹម 5,000តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកបន្តថា តាមគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីនេះត្រូវចំណាយទុនវិនិយោគជាង100លានដុល្លារអាមេរិក ហើយគម្រោងនេះអាចនឹងដំណើរការនៅពេលឆាប់ៗនេះ។
លោកបន្តថា “បច្ចុប្បន្ន K Cement បានគ្របដណ្តប់លើទីផ្សារប្រមាណ 50ភាគរយនៃផលិតផលស៊ីម៉ងត៍សរុបនៅក្នុងទីផ្សារ ប៉ុន្តែស៊ីម៉ងត៍របស់ K Cement មានតម្លៃថ្លៃធៀបជាមួយផលិតផលដទៃទៀត”។ លោកបន្តថា “យើងគ្រោងពង្រីកការនាំចេញផងដែរ ប៉ុន្តែដោយសារតម្លៃដើមយើងផលិតថ្លៃ ការដឹកជញ្ជូនថ្លៃ ទើបគម្រោងសម្រាប់នាំចេញមិនអាចធ្វើទៅបាន”។
រោងចក្រស៊ីម៉ងត៍ K Cement ស្ថិតនៅក្នុងភូមិកំពង់ត្រាចខាងជើង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ក្រុមហ៊ុននេះបានផលិតស៊ីម៉ងត៍ជាលើកដំបូងកាលពីឆ្នាំ2007។
លោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់បានថ្លែងថា ជារួមការផលិតស៊ីម៉ងត៍នៅក្នុងស្រុកមិនទាន់គ្រប់តម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយទេ ដែលធ្វើឲ្យការនាំចូលស៊ីម៉ងត៍ពីបរទេសមកកម្ពុជានៅតែមានចំនួនច្រើន៕