Alexis Sanchez បានរៀបចំការពិភាក្សាផ្សេងៗជាមួយនឹងក្លិប PSG នៅឯសណ្ឋាគារមួយក្នុងទីក្រុងប៉ារីសខណៈដែលតារាឆ្នើមរបស់ក្លិប Arsenal រូបនេះបានស្នាក់នៅសណ្ឋាគារ Royal Monceau Raffles ដើម្បីជួបជាមួយនឹងលោក Antero Henrique ប្រធានផ្នែកកីឡារបស់ក្លិប PSG។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Sun។ ប្រភពជាក់លាក់ជាច្រើននៅទីក្រុងប៉ារីសបានអះអាងថា Sanchez វ័យ28ឆ្នាំបានទៅដល់សណ្ឋាគារ Royal Monceau Raffles កាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់មក លោក Henrique ត្រូវបានគេឃើញចាកចេញពីសណ្ឋាគារនោះកាលពីថ្ងៃសុក្រ។ ប្រភពនោះបានបញ្ជាក់ថា៖ «ការងាររបស់Sanchez នៅទីនេះពិតជាមានមែនប៉ុន្តែយើងស៊ាំទៅនឹងការដែលមានតារាបាល់ទាត់ឆ្នើមៗមកស្នាក់នៅទីនេះទៅហើយ»។ PSG ពិតជាចង់បានខ្សែប្រយុទ្ធ Sanchez និង Neymar ដើម្បីធ្វើឲ្យពួកគេក្លាយជាក្រុមខ្លាំងមួយក្នុងក្របខ័ណ្ឌ Champions League។ Arsenal បានសង្ឃឹមថាអាចបញ្ចុះបញ្ចូលឲ្យរូបគេបន្តនៅតាមរយៈការផ្តល់ប្រាក់បៀវត្សរ៍275,000ផោនក្នុងមួយសប្តាហ៍ស្របពេលដែល PSG អាចនឹងដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់45លានផោន(ស្មើនឹង58.5លានដុល្លារអាមេរិក) សម្រាប់ Sanchez ដែលចង់លេងក្នុងក្របខ័ណ្ឌ Champions League៕
ប្រភពពី៖ The Sun