ខណៈមានតារាសម្ដែងជាច្រើនទាំងថ្មីទាំងចាស់កំពុងតែសម្រុកទទួលយកការសម្ដែងភាពយន្ដជាបន្ដបន្ទាប់នោះ ផ្ទុយទៅវិញកញ្ញា អ៊ុន អាលីហ្សា ជាតារាសម្ដែងមានបទពិសោធ និងទេពកោសល្យខ្ពស់ហាក់ដូចជាឃ្វាងគ្នាជាមួយការងារទាំងនេះ ពោលគឺនាងពុំសូវជាស្វះស្វែងជាមួយការសម្ដែងដូចមុនឡើយ។
កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា ថ្មីៗនេះនាងក៏ទទួលបានការសម្ដែងខ្លះដែរ មិនមែនកាត់ផ្ដាច់ទាំងស្រុងទេ។ នាងបន្ដថា កន្លងមកមានផលិតកម្មជាច្រើនបានទាក់ទងនាងឱ្យសម្ដែងទាំងរឿងភាគ និងរឿងដុំ តែរូបនាងពុំសូវហ៊ានទទួលយកការងារច្រើនពេកទេព្រោះនាងខ្លាចធ្វើការងារឱ្យគេពុំបានល្អ ពុំទាន់ពេលវេលាបណ្ដាលឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះនាងដែលខំសាងមកយូរហើយ។ តើកញ្ញាអ៊ុន អាលីហ្សា ជាប់រវល់ការងារអ្វីទើបនាងសុខចិត្ដបដិសេធលុយនៅហ្នឹងមុខបែបនេះ?
តារាសម្ដែងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែរវល់ជាមួយការងារខាងក្រៅច្រើន ហើយវាក៏ជាលក្ខណៈសិល្បៈដែរ តាមរយៈការច្រៀងពេលយប់នៅកន្លែងកម្សាន្ដចំនួន3 មាន Town Club, M2 និង Stone Café ពិសេសច្រៀងតាមកម្មវិធីមង្គលការ ព្រមទាំងកម្មវិធីនានា។ នាងបញ្ជាក់ថា៖ «ក្រៅពីធ្វើការងារទាំងនេះហើយ បច្ចុប្បន្នខ្ញុំជានិស្សិតផ្នែកយោធាដែលខ្ញុំត្រូវចំណាយពេលហ្វឹកហ្វឺននៅក្នុងសាលារយៈពេល6ខែ អ៊ីចឹងក្នុងរយៈពេលនេះខ្ញុំពុំអាចសម្ដែងបានទេ»។
កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងមានចំណូលចិត្ដចង់ធ្វើជាយោធាព្រោះនាងចង់ចូលរួមក្នុងការងារសង្គម។ ម្យ៉ាងនាងបានសម្លឹងទៅមើលប្រទេសជិតខាង ពិសេសលើពិភពលោកតែម្តងមានស្ដ្រីជាច្រើនបានចូលរួមបម្រើក្នុងការងារកងទ័ព ភាគច្រើនជាស្រ្ដីស្អាត។ នាងបញ្ជាក់ថា៖ «នៅស្រុកខ្មែរយើងអត់សូវមានស្រ្ដីចង់ចូលបម្រើការងារយោធាទេ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈខ្ញុំក៏ចង់ចូលរួមការពារប្រទេសជាតិដែរ»។
កញ្ញា អ៊ុន អាលីហ្សា ក៏បានបង្ហាញពីគោលជំហរថា មុនពេលសម្រេចចិត្ដចូលហ្វឹកហ្វឺនផ្នែកយោធា នាងបានតាំងចិត្ដជាស្រេចហើយ ដូច្នេះរាល់ការលំបាក និងឧបសគ្គនានា នាងត្រូវតែជម្នះធ្វើឱ្យបាន។
នាងបន្ថែមថា៖ «ការងារនេះប្រសិនបើយើងចេះតែធ្វើទៅ ក៏វាល្អដែរ ព្រោះខ្ញុំជាស្រ្ដីពេលខ្លះចំណេះជំនាញទាំងនេះក៏អាចការពារខ្លួនបានទៀតផង។ ម្យ៉ាងខ្ញុំមានក្ដីស្រមៃមួយថា នៅពេលដែលមានគណៈប្រតិភូអន្ដរជាតិមកកាន់ស្រុកខ្មែរ គឺចង់ឱ្យពួកគាត់មើលឃើញថា កម្ពុជាក៏មានស្រី្ដស្អាតធ្វើជាយោធាច្រើនដែរ»។ ទោះយ៉ាងណានាងបញ្ជាក់ថា ការងារទាំងនេះកើតចេញពីឆន្ទៈរបស់នាង មិនមែនជាការផ្ដល់យោបល់ ឬជំរុញពីគ្រួសាររបស់នាងឡើយ៕