ទូរស័ព្ទឆ្លាតវៃ តម្លៃ “ទាបបំផុត” របស់ក្រុមហ៊ុន Apple ដែលជិតបង្ហាញខ្លួនក្នុងទីផ្សារពិភពលោកនាពេលខាងមុខនេះ មិនមែនមានឈ្មោះថា iPhone 9 ឬ iPhone SE2 ដូចព័ត៌មានចចាមអារ៉ាមកន្លងមកនោះទេ ប៉ុន្តែ វានឹងមានឈ្មោះដ៏សាមញ្ញបំផុត ងាយហៅបំផុត និងប្រកបដោយភាពស្និទ្ធស្នាលបំផុត នោះគឺឈ្មោះ “iPhone”។
Jon Prosser មកពីឆានែល YouTube ឈ្មោះ Front Page Tech ធ្លាប់ជាអ្នកបញ្ចេញព័ត៌មានត្រឹមត្រូវ និងមិនដែលខុស ទាក់ទិននឹងស្មាតហ្វូនដែលជិតបង្ហាញខ្លួន បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងរៀបគម្រោងបង្ហាញ និងដាក់លក់ស្មាតហ្វូនថ្មី តម្លៃទាំបរបស់ខ្លួនដែលមានឈ្មោះថា “iPhone”។ ប្រការនេះ គឺដូចទៅនឹងអ្វីដែល Apple ធ្លាប់បានធ្វើទៅលើ iPad ដូច្នោះដែរ ដោយក្រុមហ៊ុននេះ ធ្លាប់បានដាក់ឈ្មោះឱ្យថេប្លេតនេះថា “iPad”។
ចំណែកសារព័ត៌មាន Phonearena វិញ យល់ថា ការដែល Apple ដាក់ឈ្មោះសាមញ្ញទៅឱ្យ iPhone ជំនាន់ថ្មីបែបនេះ គឺពិតជាមានបង្កប់គំនិតអ្វីមួយ។ យុទ្ធសាស្ត្រនេះ នឹងជួយលើកតម្លៃអតិថិជន ដោយពួកគេនឹងមិនគិតថា ស្មាតហ្វូន iPhone ថ្មីដែលមានតម្លៃទាបដែលខ្លួនកំពុងកាន់ប្រើ គឺវា “អន់” ឬចាស់ជាង បើធៀបនឹង iPhone XR ឬ iPhone 11 ហើយវាក៏នឹងបើកផ្លូវឱ្យមានប្រភេទ “iPhone គ្មានលេខ” នាពេលអនាគត ព្រមទាំងមានភាពងាយស្រួលក្នុងការលក់នៅក្នុងទីផ្សារនៃប្រទេសដែលកំពុងអភិវឌ្ឍ។
ព័ត៌មានចចាមអារ៉ាមថ្មីៗនេះបានឱ្យដឹងថា iPhone ថ្មីនោះ នឹងមានតម្លៃត្រឹមតែ399ដុល្លារប៉ុណ្ណោះ សម្រាប់កំណែដែលមានអង្គចងចាំ64GB និង450ដុល្លារអាមេរិកសម្រាប់កំណែដែលមានអង្គចងចាំ128GB។ ស្មាតហ្វូននេះនឹងមានរូបរាងដូច iPhone 8 និងមានអេក្រង់ LCD 4,7 inch ជាមួយនឹងប៊ូតុង Home ដែលមានបំពាក់មុខងារស្កេនក្រយៅដៃ Tuoch ID និងប្រើប្រាស់ឈីប Apple A13 ជាមួយនឹង RAM 3GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ iOS 13។
ទាក់ទិននឹងថ្ងៃបង្ហាញខ្លួនរបស់ស្មាតហ្វូនខាងនេះ មានព័ត៌មានខ្លះនិយាយថា វានឹងមានមុខនៅក្នុងទីផ្សារនាចុងខែមិនាខាងមុខ។ ប៉ុន្តែ ថ្មីៗនេះ សារព័ត៌មាន Nikkei Asian Review ជឿថា ពេលវេលាបង្ហាញខ្លួនរបស់វាអាចនឹងយឺតជាងនេះ ពោលគឺនៅដើមខែមេសា ឆ្នាំ2020 ដោយសារតែរងផលប៉ះពាល់ពីអាសន្នរោគកូរ៉ូណា COVID-19 ដែលកំពុងរាតត្បាតពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស