ក្រុមហ៊ុន Samsung ថ្មីៗនេះ បានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញអំពីភាពហ្មត់ចត់ ប្រយ័ត្នប្រយែងក្នុងដំណាក់កាលនៃការត្រួតពិនិត្យលើភាពមាំមួនរបស់ Galaxy Z Flip នៅមុនពេលស្មាតហ្វូននេះត្រូវបានវេចខ្ចប់ និងទៅដល់ដៃអតិថិជន។
យោងតាមការបង្ហាញរបស់ឃ្លីបវីដេអូនេះ ស្មាតហ្វូន Galaxy Z Flip បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើទូរស័ព្ទនេះ មិនថាផ្នែកទន់(software) ឬផ្នែករឹង(hardware) ពិសេសគឺសមត្ថភាពនៃការបត់ ឬលា និងសមត្ថភាពនៃប្រតិបត្តិការរបស់ស្មាតហ្វូននេះ។
ក្រៅពីនេះ គេឃើញថា ដំណាក់កាលនៃការវេចខ្ចប់របស់ស្មាតហ្វូននេះក៏ត្រូវបានគេធ្វើឡើងដោយប្រើដៃ ជំនួសម៉ាស៊ីនស្វ័យប្រវត្ត។ បុគ្គលិកវេចខ្ចប់ ត្រូវបានគេចាត់ទុកថាជាជំហានចុងក្រោយបង្អស់នៃដំណើរការផលិត។
Galaxy Z Flip គឺជាស្មាតហ្វូនដែលមានរូបរាងអាចបត់ជា2បានរបស់ក្រុមហ៊ុន Samsung បន្ទាប់ពីទូរស័ព្ទឆ្លាតវៃ Galaxy Fold ដែលត្រូវបានផលិតកាលពីឆ្នាំទៅ៕
ប្រភព៖ សារព័ត៌មានបរទេស